(ភ្នំពេញ)៖ ទោះបីជាពិភពលោក និងប្រទេសកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសម្រាប់ដំណើរការពិភាក្សា ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅតែអាចដំណើរការបានជាធម្មតា ដោយក្នុងខែកក្កដានេះ ភាគីនីមួយៗបានឈានដល់ពេលពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី០២ ខែកក្កដានេះថា គ្មានការផ្អាកដំណើរការពិភាក្សាប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ នោះឡើយ ពោលគឺនៅតែដំណើរការពិភាក្សាតាមប្រតិទិនក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងដដែល។
កាលពីពេលថ្មីៗនេះ ភាគីនិយោជកបានស្នើទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំផ្អាកការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ រយៈពេលមួយឆ្នាំសិន ដើម្បីប៉ះប៉ូវការខាតបង់ដោយសារវិបត្តិជំងឺកូវីដ-១៩បានខ្លះ។ ប៉ុន្តែសំណើនេះ ជំទាស់ដោយក្រសួងការងារ និងភាគីនិយោជិត។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករ កាត់ដេរ កម្ពុជា និងជាតំណាងភាគីសហជីពផងនោះ បានថ្លែងប្រាប់ Fresh News ថា ការស្នើសុំផ្អាកដំឡើងប្រាក់ឈ្នូលជូនកម្មករនិយោជិតពីសំណាក់ភាគីនិយោជកនេះ គឺគ្មានហេតុផលសមរម្យនោះឡើយ ពីព្រោះការពិភាក្សាដំឡើងប្រាក់ឈ្នួលនេះ គឺសម្រាប់ឆ្នាំ២០២១ ឯណោះទេ មិនមែនសម្រាប់ក្នុងពេលមានវិបត្តិនេះឡើយ។
លោក អាត់ ធន់ បានបន្តថា ចំពោះកម្មករនិយោជិត គឺជួបផលប៉ះពាល់ខ្លាំងណាស់ទៅហើយ ប្រសិនបើនិយោជកមិនដំឡើងប្រាក់ឈ្នួលឱ្យទៀតនោះ ច្បាស់ណាស់ថាពួកគេគឺពិតជានឹងរងផលប៉ះពាល់កាន់តែខ្លាំងជាងនេះមិនខាន។ ទោះបីមានការអះអាងយ៉ាងនេះក្ដី ប៉ុន្តែលោក អាត់ ធន់ បានបង្ហើបឱ្យដឹងដែរថា «ហេតុផលនៃការចរចាត្រីភាគីឆ្នាំនេះ ប្រហែលជាមានភាពតឹងតែងបន្តិច»។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២១ ត្រូវអនុវត្តតាមប្រតិទិនដូចតទៅ៖
* កំណត់យកខែកក្កដា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។
* កំណត់យកខែសីហា ឆ្នាំ២០២០ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី និងត្រីភាគី។
* កំណត់យកខែកញ្ញា ឆ្នាំ២០២០ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។
* កំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ រហូតដល់ពេលនេះ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតនៅកម្ពុជា ឆ្នាំ២០២០ មានចំនួន១៩០ដុល្លារ ក្នុង១ខែ៕