(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា នៅក្នុងរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ក្នុងខែមិថុនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ បានចំនួន ៤២២,១៨៤គ្រួសារ លើចំនួនតួលេខ ៥៦២,៦៨៦គ្រួសារ ដែលស្មើនឹងប្រមាណ៨១ភាគរយ។
ការបញ្ជាក់បែបនេះរបស់លោករដ្ឋមន្ត្រី វង សូត បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ភាពមិនប្រក្រតី និងការតវ៉ាមួយចំនួនលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសន្និសីទនេះបានធ្វើឡើង នៅទីស្តីការក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា នៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
លោក វង សូត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ម៉ោងនេះ ចំនួនគ្រួសាររបស់យើងដែលបានទទួលមានចំនួន ៤២២,១៨៤គ្រួសារ លើចំនួនតួលេខ ៥៦២,៦៨៦គ្រួសារ សម្រាប់ផ្តល់ក្នុងខែ៦ (ខែមិថុនា)នេះ ឯទឹកលុយវិញមកដល់ថ្ងៃនេះយើងបានចំណាយអស់ ៧,៤៧៩,៧២០,០០០រៀល បើគិតជាភាគរយ គឺបានប្រមាណប្រហែល៨១ភាគរយ នៃគ្រួសារក្រីក្រ នៅក្នុងចំនួនដែលគិតសម្រាប់ខែ៦ ប៉ុន្តែខែ៧ គឺមានចំនួនផ្សេងទៀត ហើយក្រសួងផែនការនឹងរៀបចំទទួលស្គាល់អ្នកដែលស្នើសុំថ្មី»។
លោក វង សូត ក៏បានអះអាងថា យ៉ាងយូរប្រហែល១សប្តាហ៍ទៀត ការឧត្តមសាច់ប្រាក់ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ សម្រាប់ខែមិថុនា នឹងត្រូវអនុវត្តចប់សព្វគ្រប់តែម្តង។
លោក វង សូត បានបន្តថា សម្រាប់នីតិវិធីសម្រាប់ទទួលបានបណ្ណក្រីក្រ គឺប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ត្រូវដាក់ពាក្យស្នើសុំទៅជនបង្គោលនៅតាមឃុំ សង្កាត់ដែលពួកគាត់រស់នៅ ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះសុំណើរបស់ប្រជាពលរដ្ឋលើបញ្ហានេះ ហើយសម្រាប់នីតិវិធីសម្រាប់ការស្នើសុំបណ្ណក្រីក្រ សម្រាប់បច្ចុប្បន្ននេះ មានរយៈពេលខ្លីជាងមុន។ ដូច្នេះ ទាំងនេះជាករណីពិសេសក្រសួងផែនការ បានដុតដៃដុតជើង ធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។ លោកថា កាលពីថ្ងៃទី២០ ខែឧសភា ក្រសួងផែនការបានលើកសំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានជួយពិនិត្យបញ្ហាធ្វើបណ្ណក្រីក្រ។
ជាមួយគ្នានេះដែរ លោក វង សូត បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ-១៩ នៅកម្ពុជានឹងកើនឡើងនៅខែកក្កដា ខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនឹងធ្វើការងារប្រកបដោយការទទួលខុសត្រូវ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងបានបញ្ចេញកញ្ចប់ថវិកាប្រមាណ ២៥លានដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ដំណាក់ការទីមួយ នៃការឧបត្ថម្ភសាច់ប្រាក់នេះ ធ្វើឡើងសម្រាប់ខែមិថុនា និងកក្កដា។ ក៏ប៉ុន្តែប្រសិនបើជំងឺកូវីដ១៩ មិនទាន់រលាយរលត់ទេ ការឧបត្ថម្ភនេះ នឹងធ្វើសម្រាប់ជំហានបន្ទាប់រយៈពេលពីរខែបន្ថែមទៀត ហើយនឹងធ្វើនៅខែបន្តបន្ទាប់ទៀត បើជំងឺកូវីដ១៩មិនទាន់រលាយទេនោះ។
ការឧបត្ថម្ភសាច់ប្រាក់នេះកំណត់ដូចខាងក្រោម៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕