(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ក្នុ ងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង, ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំបុសមន និងប្រធានភូមិព្រមទាំងចុះពិនិត្យការស្រង់ទិន្នន័យ និងផ្ដល់បណ្ណជូនដល់គ្រួសារក្រីក្រមុនពេលរីករាលដាលជំងឺកូវីដ១៩ និងកំឡុងពេលរីករាលដាលជំងឺកូវីដ១៩ នៅឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង, អភិបាលស្រុករំដួល, សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលផងដែរ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងអ្នកអនុវត្តផ្ទាល់ត្រូវចូលរួមធ្វើឲ្យបានច្បាស់លាស់ហ្មត់ចត់ និងវាយតម្លៃឲ្យបានត្រឹមត្រូវ ដើម្បីធានាថាប្រជាពលរដ្ឋ ក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល។
លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកអំពីបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា អាជ្ញាធរមូលដ្ឋាន និងអ្នកអនុវត្តត្រូវធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវា សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាតិខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ៕