(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋខ្មែរស្រីប្រុសចំនួន១១នាក់ ក្នុងនោះមានម្នាក់ជាមេខ្យល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅព្រលប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍អណ្តែងមុត នៃវរនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន៤នាក់ បានសហការជាមួយ កម្លាំងយោធា៩នាក់ នៃកងអនុសេនាធំលេខ៣ កងការពារព្រំដែនគោកលេខ៤០២ យោធភូមិភាគទី៤ ដែលប្រចាំការនៅគោលដៅវត្តអូរខ្លាឃ្មុំ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ ក្នុងនោះស្រី៤នាក់ នៅចំណុចផ្ទះមេភូមិអូរខ្លាឃ្មុំ ពីបទលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃរកការងារធ្វើ។

ប្រជាពលរដ្ឋទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីស្រាវជ្រាវ និងសាកសួរបន្ត៕