(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគោរព និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ របស់ក្រសួងសុខាភិបាល ពីជំងឺកូវីដ១៩ (COVID-19 )។
តំណាងរាស្ត្រ ម៉ា ឈឿន បានថ្លែងបន្តថា «ត្បិតណាស់ថាកម្ពុជាយើង មានសុខសន្ដិភាព តែប្រទេសយើង ក៏ដូចជាប្រទេសលើសកលលោក បច្ចុប្បន្ននេះ កំពុងតែជួបនូវវិបត្ដិជំងឺកូវីដ១៩ ដែលបានបន្ដរាតត្បាតយ៉ាងសាហាវតាមបណ្ដាប្រទេសរាប់លាននាក់ និងស្លាប់ជាច្រើនម៉ឺននាក់។ សម្រាប់កម្ពុជា អ្នកវិជ្ជមានកូវីដ១៩ មានត្រឹមតែ១៤១នាក់ប៉ុណ្ណោះ ហើយមិនមានករណីស្លាប់នោះទេ និងជាសះស្បើយស្ទើរតែទាំងស្រុង ក្រោមការដឹកនាំ និងដាក់ចេញវិធានការប្រកបដោយប្រសិទ្ធិភាពរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា»។
តំណាងរាស្ត្រ ម៉ា ឈឿន បានថ្លែងបន្ដថា ក្រៅពីវិធានការ និងសារណែនាំប្រកបដោយប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងស្ថានការណ៍បាន ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មិនឱ្យមានការរីករាលតាមសហគមន៍ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ២៥លានដុល្លារអាមេរិកក្នុងមួយខែ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណជា ៥៦ម៉ឺនគ្រួសារផងដែរ ដោយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដោយធ្វើយ៉ាងណាការជួយនេះ បានទៅដល់ដីពលរដ្ឋខ្វះខាតពិតប្រាកដ។
ការថ្លែងបែបនេះ របស់តំណាងរាស្ត្រមណ្ឌលកំពង់ចាម ក្នុងឱកាស ប្រគេនទេយ្យទាន និងទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមវត្តនីមួយៗក្នុងស្រុកបាធាយ ដែលប្រព្រឹត្តទៅ នៅសាលាបុណ្យ ក្នុងស្រុកកំណើត ភូមិជើងឆ្នុក ស្រុកបាធាយ ខេត្ដកំពង់ចាម នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។
ជាមួយគ្នានោះ តំណាងរាស្រ្ដ ម៉ា ឈឿន បានថ្លែង «យើងទំាងអស់គ្នា ត្រូវអរគុណសន្ដិភាព មានសនិ្ដភាព ទើបមានការអភិវឌ្ឍន៍ និងមានឱកាសប្រារព្ធពិធីទំនៀមទម្លាប់សាសនាដូចពេលនេះ»។ យើងដឹងហើយថា របបប៉ុលពលដ៏ឃោរឃៅ ៣ឆ្នាំ៨ខែ ២០ថ្ងៃ ប្រទេសជាតិយើងស្ទើរតែសូន្យឈឹង មានតែការ កាប់សម្លាប់ជីវិតមនុស្សយ៉ាងឃោរឃៅជាច្រើនលាននាក់ ខ្លះទៀតស្លាប់ដោយសារអត់អាហារ ហើយក៏គ្មានសូម្បីតែសិទ្ធិរស់រានមានជីវិត។
ប៉ុន្ដែដោយបានគុណបុណ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានពលីកម្មគ្រប់បែបយ៉ាង បូជាស្បែកស្រស់ ឈាមស្រស់ របស់សម្ដេច ដើម្បីចេញទៅតស៊ូរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដូច្នេះ «អគុណសន្ដិភាព» គឺអរគុណសម្ដេចតេជោ ដែលជាថ្នាក់កំពូលរបស់គណបក្ស ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងរឹងមាំ៕