(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថាភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតនូវសក្តានុពលនៃការវិនិយោគយ៉ាងច្រើននៅកម្ពុជា។
ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញធ្វើបទបង្ហាញស្តីអំពីសក្តានុពល នៃការវិនិយោគនៅកម្ពុជា ក្នុងវេទិកាជំនួបអ្នកធុរកិច្ចកំពូលៗលេីកទី២ (2nd High Net Worth Meetup) នៅការិយាល័យក្រុមហ៊ុន PLMP Venture Capital រាជធានីភ្នំពេញ។ ក្នុងវេទិកានេះ មានការអញ្ជើញចូលរួមពីអ្នកធុរកិច្ចមកពីកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ចិន តៃវ៉ាន់ និងកូរ៉េ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានលេីកឡេីងអំពីមូលហេតុសំខាន់ៗ នៃការមកវិនិយោគនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្លាំងក្លា និងរឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងនោះរួមមានស្ថេរភាពនយោបាយ សុខសន្តិភាព និរន្តភាពសេដ្ឋកិច្ច កំណេីនម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាបច្បាប់វិនិយោគមានការអនុគ្រោះច្រើន និងការអនុគ្រោះពន្ធជាដេីមជាពិសេសមានការរៀបចំវេទិកា រវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងរយៈពេល០៦ខែម្តង ដេីម្បីដោះស្រាយបញ្ហាប្រឈមនានា របស់វិស័យឯកជន។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមអំពីវិស័យអាទិភាពចំនួន៥ រួមមាន៖
ទី១៖ ឧស្សាហកម្មប្រភេទថ្មី សម្រាប់ឈានចូលទីផ្សារថ្មី ជាមួយផលិតផលមានតម្លៃខ្ពស់ការឆ្នៃប្រឌិត និងការប្រកួតប្រជែងដូចជាគ្រឿងបង្គំគ្រឿងចក្រ មេកានិច អេឡិចត្រូនិក និងមធ្យោបាយដឹកជញ្ជូន ជាដើម។
ទី២៖ វិស័យ SME ដូចជាការផលិតសម្ភារសុខាភិបាល សម្ភារសំណង់ សម្ភារសម្រាប់វិចខ្ចប់នាំចេញ សម្ភារឧស្សាហកម្ម សិប្បកម្ម និងគ្រឿងសង្ហារឹមជាដើម។
ទី៣៖ វិស័យកសិ-ឧស្សាហកម្ម សម្រាប់នាំចេញក្រៅ និងទីផ្សារក្នុងស្រុក។
ទី៤៖ ឧស្សាហកម្មផ្គត់ផ្គង់ សម្រាប់វិស័យកសិកម្ម ទេសចរណ៍ និងវាយនភណ្ឌ ក៏ដូចជាឧស្សាហកម្មបម្រើឲ្យចង្វាក់ផលិតកម្មថ្នាក់តំបន់ និងទីផ្សារសកលជាដើម។
ទី៥៖ ឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មថ្នាក់តំបន់ និងសារសំខាន់ជាយុទ្ធសាស្ត្រនាពេលអនាគតដូចជា ICT ថាមពលឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាបៃតង។
មុននឹងបញ្ចប់លោកទេសរដ្ឋមន្រ្តី លី ធុជ បានផ្តល់ការជឿទុកចិត្ត និងកោតសរសើរចំពោះក្រុមហ៊ុន PLMP Venture capital ក្នុងការបន្តប្រមែប្រមូលអ្នកវិនិយោគគិនទាំងក្នុង និងក្រៅប្រទេស ដេីម្បីមកបណ្តាក់ទុននៅកម្ពុជា លេីវិស័យសំខាន់ៗ ដូចជា វិស័យភាគហ៊ុន និង SME ជាដើម ក្នុងការចូលរួមបង្កើតនូវឱកាសការងារវឌ្ឍនភាព និងការអភិវឌ្ឍនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានជូនពរឱ្យក្រុមហ៊ុន PLMP Venture capita ទទួលបានជោគជ័យលេីការងារធុរកិច្ចរបស់ខ្លួននៅកម្ពុជា ហេីយកម្ពុជា បន្តស្វាគមន៍ និងគាំទ្រភាពជាដៃគូជាមួយវិស័យឯកជនសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ៕