(ព្រៃវែង)៖ នៅថ្ងៃទី៥ ខែ៧ ឆ្នាំ២០២០ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក សេង លាង សមាជិកក្រុមប្រឹក្សាខណ្ឌ បាននាំទៀនព្រះវង្សាទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តដួងពេជ្រមុន្នីរតនារាម ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ការប្រគេនគឺសរុប៩វត្ត រួមមាន៖ វត្តមកពីស្រុកល្វាឯម២វត្ត ស្រុកខ្សាច់កណ្តាល៣វត្ត និងស្រុកពារាំងចំនួន៤វត្ត។ សម្ភារៈក្នុង១វត្តរួមមានទៀន២ដើម ត្រ័យឈៀង១ មី១កេះធំ ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី៤យួរ បីចេង២Kg ស្ករស២Kg ត្រីខ១២កំប៉ុង ទឹកគ្រួច៤កេះ ទឹកសុទ្ធកេះ៤កេះ ទឹកអូអ៊ីឈិក១កេះ អាកុល៥លីត្រ ប្រេងម៉ាស៊ូត១កាន តែ២kg អង្ករ50kg ថវិកា៥០មឺនរៀលនិងមានរៀបចំប្រគេនចង្ហាន់ប្រគេនព្រះសង្ឍចំនួន២៨អង្គ និងរៀបចំបាយទឹកជូនយាយតា២៥០នាក់។
លើកឡើងក្នុងឱកាសនោះលោក ហែម ដារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជាពេញលេញ ព្រមជាមួយការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយនោះ វិស័យអាណាចក្រ និងពុទ្ឋចក្រ តែងតែដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ក្នុងការចូលរួមជួយស្តារ និងអភិវឌ្ឍន័សង្គមជាតិឱ្យមានរីកចំរើន។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សាការពារសន្តិភាព ជាមួយរាជរដ្ឋាភិបាលបន្តទៅមុខឲ្យបានយូរអង្វែង សម្រាប់មនុស្សជំនាន់។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន ចំពោះ ជំងឺកូវីដ-១៩ ទោះបីរាជរដ្ឋាភិបាល បានទប់ស្កាត់ជំងឺនេះប្រកបដោយប្រសិទ្ធភាព និងពុំមានការរីករាលក្នុងសហគមន៍យ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តរក្សាអនាម័យដៃជាប់ជានិច្ច៕