(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន អាចរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងគ្រឹះស្ថានឧត្តមសិក្សាឯកជន អាចប្រឡងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សា ចំនួន២ថ្ងៃ។
តាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កន្លងមក ក្រសួង បានចេញសេចក្ដីណែនាំ ឲ្យគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត រៀបចំការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក។
ក្រសួងក៏បានលើកឡើងអំពីលទ្ធភាពអនុញ្ញាត ឲ្យរៀបចំការប្រឡង តាមប្រព័ន្ធអេឡិចត្រូនិក ទៅតាមប្រតិទិនគ្រឹះស្ថានសិក្សារៀងខ្លួន ដោយធានានូវស្តង់ដាគុណភាព ដែលអាចទទួលយកបាន។ ក្រសួងនឹងចូលរួមសហការជាមួយគ្រឹះស្ថានសិក្សាឯកជន ដើម្បីធានានូវស្តង់ដាគុណភាពនេះ។
ចំពោះគ្រឹះស្ថានសិក្សាឯកជនណា ដែលអនុវត្តតាមការណែនាំរបស់ក្រសួង គ្រឹះស្ថានសិក្សានោះ អាចចេញសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ដោយមានការទទួលស្គាល់ពីក្រសួង ប៉ុន្តែគ្រឹះស្ថានសិក្សាឯកជន ត្រូវចុះហត្ថលេខាដោយខ្លួនឯង។
ក្រសួងនឹងចុះអធិការកិច្ចតាមការចាំបាច់ ដើម្បីធានាគុណភាពនៃសញ្ញាបត្រ៕
ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖