(បាត់ដំបង)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរ ចំពោះការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ពិសេសលោកគ្រូពេទ្យ គូប៉ូ រ៉ាវុធ ដែលបម្រើការនៅចត្តាឡីស័កច្រកអន្តរជាតិដូង នៃខេត្តបាត់ដំបង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងារ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក សូមសំដែងនូវការកោតសរសើរ គោរពដោយស្មោះអស់ពីចិត្ត នូវការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជាពិសេសរបស់លោកគ្រូពេទ្យ គូប៉ូ រ៉ាវុធ បម្រើការនៅចត្តាឡីស័កច្រកអន្តរជាតិដូង នៃខេត្តបាត់ដំបង ដែលរវល់មមាញឹកជួយ ពិនិត្យសុខភាពបងប្អូនអ្នកដំណើរ នៅច្រកចូលនេះ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មកក្នុងប្រទេសកម្ពុជា ដែលមិនមានពេលវេលាសម្រាប់ក្រុមគ្រួសារផ្ទាល់ខ្លួន បានផ្ញើកូនស្រីជាទីស្រឡាញ់របស់ខ្លួននៅជាមួយសាច់ញាតិ មិនមានពេលមើលកូនគ្រប់គ្រាន់ ដែលកូនស្រីជាទីស្រឡាញ់របស់គាត់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរក្នុងពេលថ្មីៗនេះ។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានសំដែងនូវក្តីរំជួលចិត្តឥតឧបមា ហើយបានចែករំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារលោកគ្រូពេទ្យ គូប៉ូ រ៉ាវុធ ដោយបានចូលបច្ច័យសម្រាប់បុណ្យសពផងដែរ និងសូមឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ។
សូមជម្រាបថា ក្រុមការងារក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចុះពេលបំពេញបេសកកម្ម នៅខេត្តបាត់ដំបង នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០៕