(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចាត់ទុកថា អ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែជាការបង្កើតលេសនិយាយផ្តេសផ្តាស និងធ្វើការដោយមិនច្បាស់លាស់ ហើយហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត។
សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាព្រឹកទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ នៅកម្ពុជាចំនួន ១៤១នាក់ និងមិនទាន់មានអ្នកណាម្នាក់ ស្លាប់ដោយសារជំងឺនេះឡើយ ក៏ប៉ុន្ដែងាកមកមើលគ្រោះចរាចរណ៍វិញ មានអ្នកស្លាប់ជារៀងរាល់ថ្ងៃ។ ដូច្នេះអ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែលេស និងធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត»។
សម្ដេចក្រឡាហោម បានថ្លែងបន្ថែមទៀតថា «មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ជំងឺកូវីដ១៩ យើងដាក់បន្ទុក ទៅលើប្រជាពលរដ្ឋទៀត តាមរយៈនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹងដើម្បីយកលុយប្រជាពលរដ្ឋ»។
សម្តេចថា អ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មី គឺមិនឲ្យតម្លៃប្រជាពលរដ្ឋ ហើយត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវឡើងវិញ។ គោលបំណងនៃការរឹតបន្ដឹង ច្បាប់ចរាចរណ៍សព្វថ្ងៃនេះ គឺដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនផាកពិន័យឡើយ។
សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ៗថា ប្រសិនបើរាជរដ្ឋាភិបាលបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងមានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន។ ដូច្នេះទើបរាជរដ្ឋាភិបាល បានរឹតបន្ដឹងចរាចរណ៍បែបនេះ ដើម្បីឲ្យបណ្ដាប្រទេសជាមិត្ត ធ្វើការកោតសសើរកម្ពុជាយើង។
គួរជម្រាបថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានពិន័យសរុបចំនួន ៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន ៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន ២២.៣៦៤ករណី ស្មើ២៧%។ អនុវត្តការបង់ប្រាក់ពិន័យ តាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន ១២.៥០១.១៨៥.០០០រៀល (ជាង ៣លានដុល្លារ) ក្នុងនោះមិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕