(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានលើកឡើងថា ប្រទេសកម្ពុជា បានទទួលបានលទ្ធផល ជាវិជ្ជមាន ជាច្រើនលើគ្រប់វិស័យ ពីការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៊ឹង កន្ថាផាវី អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើសចំពោះស្ដ្រីមានពិការភាព ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់យ៉ាងដូច្នេះថា ពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាព អង់អាចដល់ស្ត្រី និងក្មេងស្រី នៅលើពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជា បានទទួលបានលទ្ធផលជាវិជ្ជមាន ជាច្រើនលើគ្រប់វិស័យ ជាពិសេស៖
* ការវិនិយោគទៅលើកូនស្រីកូនប្រុស ឲ្យទទួលបានការអប់រំ និងជំនាញបច្ចេកទេស ហើយ មានការកើនឡើងនូវចំនួនសិស្ស និងនិស្សិតជាស្ត្រី ទាំងនៅក្នុងមធ្យមសិក្សា និងឧត្តមសិក្សា។
* ការចូលរួមយ៉ាងសកម្មរបស់ស្ត្រី ក្នុងវិស័យសេដ្ឋកិច្ច។
* ការលើកកម្ពស់សុខភាពមាតា និងទារក និងកាត់បន្ថយការចម្លង នៃមេរោគអេដស៍ ។
លើសពីនោះទៀត រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ទៀតថា ចំពោះការចូលរួមរបស់ស្ត្រី ក្នុងវិស័យសាធារណៈ និងនយោបាយ នៅក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី៥ ក្នុងចំណោមប្រទេសដែលមានស្ត្រី ជាតំណាងច្រើនបំផុត ក្នុងសភា។
ជាមួយគ្នានោះ លោកស្រី អ៊ឹង កន្ថាផាវី ក៏បានស្នើដល់អ្នកពាក់ព័ន្ធ រួមគ្នាបន្តដោះស្រាយ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីស្ត្រី និងក្មេងស្រី មានពិការភាពអាចទទួលបានផល ដែលគេបានរំពឹងទុក ដែលបញ្ហាជាអាទិ៍ រួមមាន៖
១៖ ផ្នត់គំនិត និងឥរិយាបថរើសអើង នៅក្នុងគ្រួសារ កន្លែងការងារ និងទីសាធារណៈ នៅតែ កើតមាន និងបន្តរារាំងដល់ការអនុវត្តសិទ្ធិ និងសក្តានុពលរបស់ស្ត្រី និងក្រុមគ្រួសារដែល មានពិការភាព។
២៖ កង្វះព័ត៌មាន និងទិន្នន័យយេនឌ័រ ដែលមានការបែងចែកតាមភេទ និងការសិក្សាស៊ី ជម្រៅពីផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើយេនឌ័រ និងក្រុមជនងាយរងគ្រោះ។
៣៖ ការធ្វើបរិយាប័ន្នឆ្លើយតបចំពោះស្ត្រី ដែលស្ថិតក្នុងក្រុមជនងាយរងគ្រោះមួយចំនួន នៅ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ នៅមានកម្រិតនៅឡើយ។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ សិទ្ធិអំណាចដល់ស្ត្រី គឺជាការចាំបាច់ សម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍ ដែលបានព្រមព្រៀងជាអន្តរជាតិ ក្នុងនោះ រួមមានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។
លោក ឯម ច័ន្ទមករា បានបន្ថែមថា ស្ត្រីនិងកុមារី មានពិការភាព ជួបប្រទះការរើសអើងទ្វេដង ដែលធ្វើឲ្យពួកគេ ប្រឈមនឹងហានិភ័យខ្ពស់ នៃអំពើហិង្សា ប្រឆាំងនឹងភេទ ការរំលោភបំពានផ្លូវភេទ ការធ្វេសប្រហែសការរំលោភ បំពាន និងការកេងប្រវ័ញ្ចជាដើម។
បន្ថែមពីនោះទៀត លោក ឯម ច័ន្ទមករា បានឲ្យដឹងថា ធនាគារពិភពលោក បានរាយការណ៍ថា រាល់នាទី មានស្ត្រីជាង៣០នាក់ បានរងរបួសធ្ងន់ ឬពិការ ក្នុងពេលធ្វើការ ហើយស្ត្រីចំនួន១៥-៥០លាននាក់ ជាទូទៅមិនត្រូវទទួលបានគេកត់សម្គាល់នោះទេ។
លោកថា ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការនៃ ការពង្រឹងផ្នែកដឹកនាំការធ្វើផែនការ និងការសម្របសម្រួលតួនាទី ដែលមានសារៈ សំខាន់សំដៅធានាការស្តារឡើងវិញ នៅមូលដ្ឋានសហគមន៍ប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលនូវការ ការគាំពារដល់ជនមានពិការភាពផងដែរ។
តាមរយៈ ការកំណត់បទដ្ឋាននិងស្ដង់ដារអន្តរជាតិ សហគមន៍អន្តរជាតិ ទទួលស្គាល់តម្រូវការ សម្រាប់ទស្សនវិស័យយេនឌ័រ និងការផ្តល់សិទ្ធិអំណាច ដល់ស្ត្រីមាន ពិការភាព ដើម្បីសម្រេចបាននូវការទទួលបានសិទ្ធិ និងការអភិវឌ្ឍ ស្មើគ្នាសម្រាប់សិទ្ធិមនុស្សនិងការអភិវឌ្ឍ សម្រាប់ទាំងអស់គ្នា រួមទាំងជនមាន ពិការភាព។
លោក ឯម ច័ន្ទមករា បន្ដថា ការរើសអើងជនមានពិការភាព ប្រឈមនឹងឧបសគ្គយ៉ាងធំធេង ជាក់ស្តែង ជនមានពិការភាពមួយចំនួននៅកម្ពុជា មិនទាន់ទទួលអត្តសញ្ញាណបណ្ណ, បណ្ណបើកបរនៅឡើយ។
ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ក្រៅពីនេះ ស្ត្រីមានពិការភាព ក៏ប្រឈមនឹងឧបសគ្គ នៃការធ្វើ ដំណើរឆ្ងាយទៅកាន់ទីប្រជុំជន ឬមណ្ឌលនានា ពិសេសពុំជំនួយការដើម្បីជួយ ពួកគេដែលជាឧបសគ្គលំបាកបំផុត រារាំងនាពេលសព្វថ្ងៃផងដែរ៕