(ភ្នំពេញ)៖ ជានិច្ចកាល ក្នុងនាមក្រសួងសុខាភិបាល តែងចុះពិនិត្យនិងស្វែងយល់ អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់មនី្ទរពេទ្យ ម្យ៉ាងដើម្បីលើកទឹកចិត្ត បុគ្គលិកពេទ្យ កម្មករសំណង់ ដើម្បីជំរុញការសាងសង់នេះ ឲ្យដំណើរការបានលឿន រហ័ស និងរឹងម៉ាំ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងដូច្នេះ ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃការសាងសង់អគារ របស់មនី្ទរពេទ្យកាល់ម៉ែត និងសំណេះសំណាល ជាមួយបុគ្គលិកសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា «មន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យថ្នាក់ជាតិ និងជាគំរូ ដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ជាងគេ ក៏ជាមនី្ទរពេទ្យសម្រាប់ការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់សេវាជូនប្រជាពលរដ្ឋ»។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា គិតមកដល់ពេលនេះ សម្រេចការសាងសង់បានជាង៤០ភាគរយ និងរួចរាល់ ក្នុងឆ្នាំ២០២២ ដោយចំណាយថវិកា អស់ប្រមាណជិត ៤០លានដុល្លារអាមេរិក។ អាគារនេះ មានផ្នែកប្រពោធនកម្ម ចំនួន៣០បន្ទប់ សម្រាប់ផ្តល់សេវាកម្មជូនអ្នកជំងឺដែលធ្ងន់ៗ ពិសេសអគារសាងសង់ថ្មី មានសមត្ថភាពដាក់អ្នកជំងឺបានពី៥០០ ទៅ៦០០គ្រែ ប៉ុន្តែក្នុងគម្រោងប្រហែលជា៤០០គ្រែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់ការសាងសង់ ក្នុងឆ្នាំ២០២២ មនី្ទរពេទ្យកាល់ម៉ែត និងក្លាយជាមនី្ទរពេទ្យ ដែលមាននិយាមប្រហាក់ ប្រហែល នឹងស្តង់ដារអន្តរជាតិ ព្រោះសព្វថ្ងៃយើងមានផ្នែកមហារីក ផ្នែកប្រព័ន្ធប្រាសាទ ហើយការពង្រីកនេះ គឺជាការបន្ថែមផ្នែកសង្រ្កោះបន្ទាន់ និងគាំទ្រ ដល់សេវាបន្ថែមទៀត ដូចជាជំងឺរ៉ាំរ៉ៃ ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
របាយការណ៍របស់មន្ទីរពេទ្យកាល់ម៉ែត បានគូសបញ្ជាក់បន្ថែមថា អគារនេះមានកម្ពស់១២ជាន់ និងមានបន្ទប់វះកាត់ចំនួន១០បន្ទប់។ លើសពីនោះ មានជាន់ក្រោមដីចំនួន២ជាន់ ដែលជាកន្លែងចំណតរថយន្ដ ហើយអគារនេះ គឺជាអគារពហុឯកទេស ដោយគ្រប់ផ្នែកសុទ្ធសឹងតែបំពាក់នូវឧបករណ៍ទំនើបៗ៕