(សៀមរាប)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ ដោយមានការឧបត្តមដោយអង្គការ Terre des Hommes បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការឆ្លើយតបនឹងបទល្មើសផ្លូវភេទ លើកុមារតាមប្រព័ន្ធ Internet។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយមានការអញ្ជើញចូលរូមពីសំណាក់ លោក លោកស្រីដែលអញ្ជើញមកពី មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ត្រី នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក ក្រសួងស្ថាប័នពាក់ អង្គការដៃគូពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការការពារកុមារថ្នាក់ជាតិ និងក្រុមការងារបច្ចេកទេស OCSE។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការកំណត់សញ្ញាណហានិភ័យ ចរិកលក្ខណៈ និងប្រភេទបទល្មើស ព្រមទាំងយុទ្ធសាស្ត្រឆ្លើយតបលើអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ Internet៕