(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចំនួន៤សង្កាត់ ក្នុងចំណោមសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ អាចបញ្ចេញមត្តិ និងសួរដេញដោលបាន ដោយផ្ដោតសំខាន់លើប្រធានបទចំនួន៣ (បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន) ដើម្បីស្នើឲ្យមានការរកដំណោះស្រាយជូននៅនិងកន្លែង និងនៅពេលខាងមុខ ពីអាជ្ញាធរមានសមត្ថកិច្ច។
ការមានអទិភាពក្នុងការបញ្ចេញមត្តិសួរដេញដោលរបស់ប្រជាពលរដ្ឋ នៃសង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់គីឡូម៉ែត្រលេខ៦, និងសង្កាត់ឫស្សីកែវ លើប្រធានបទសំខាន់ៗ ចំនួន៣ ដែលពាក់ព័ន្ធ (បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន) ដើម្បីស្នើឲ្យមានការរកដំណោះស្រាយជូន ពីអាជ្ញាធរមានសមត្ថកិច្ចនេះ បានរៀបចំធ្វើឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៣ រយៈពេល១ឆ្នាំម្ដង ចាប់តាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៣ រយៈពេល១ឆ្នាំម្ដងនេះដែរ ក្រៅពីមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ ក៏មានការចូលរួមដោយលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក-លោកស្រីអភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ, អធិការរងខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, និងលោក-លោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ-សង្កាត់ និងអស់លោក-លោកស្រីប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង និងមេភូមិផងដែរ។
សួរនិងឆ្លើយដោយផ្ទាល់ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៣ រយៈពេល១ឆ្នាំម្ដងនេះ, ប្រធានក្រុមប្រឹក្សាខណ្ឌ ក៏ដូចជា គណៈអភិបាលខណ្ឌ បានឈានទៅដល់ការរកដំណោះស្រាយជូនភ្លាមៗនៅនិងកន្លែង បន្ទាប់ពីទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ លើប្រធានបទ ចំនួន៣ (បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន) និងបញ្ហាផ្សេងៗមួយចំនួនទៀត ប្រធានក្រុមប្រឹក្សាខណ្ឌ ក៏ដូចជា គណៈអភិបាលខណ្ឌ នៅតែបន្តរកដំណោះស្រាយជូន នៅពេលខាងមុខតាមរយៈការពិភាក្សា ឫបើកកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយការិយាល័យជុំនាញដែលពាក់ព័ន្ធ ក្នុងការរិះរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕