(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ នឹងដឹកនាំដោយសហប្រធានពីររូប គឺ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម និង លោក MOTEGI Toshimitsu រដ្ឋមន្រ្តីការបរទេសជប៉ុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ, កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នឹងធ្វើការពិភាក្សាលើវឌ្ឍនភាពដែលសម្រេចបានក្រោម «យុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨» និង «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពឆ្នាំ២០៣០» ក៏ដូចជា «កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច» តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ៕