(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២០តទៅ ក្រសួងសាធារណការ នឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិជូនប្រជាពលរដ្ឋខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ អាចបើកបររថយន្តនៅប្រទេសក្រៅបាន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងនឹងចាប់ផ្តើមចេញប័ណ្ណបើកបរអន្តរជាតិ ដោយសារតែពេលយើងទៅដល់ប្រទេសគេ បើកឡានមិនបាន មានប័ណ្ណបើកបរខ្មែរបើកមិនបាន ដូចនេះយើងជាសមាជិកអង្គការសហប្រជាជាតិដែរ អញ្ចឹងយើងអាចចេញប័ណ្ណបើកបរអន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋដែលមាន ប័ណ្ណបើកបរ ហើយយកមកដូរសុំធ្វើប័ណ្ណបើកបរបណ្តោះអាសន្នសិនប៉ុន្មានខែចឹងទៅ យើងអាចចេញជូនពួកគាត់បាន ហើយយើងមានប្រភេទ A B C នៅខាងក្រោយនឹង យើងបោះត្រាតាមប្រភេទដែលគាត់ស្នើសុំ បើគាត់ឡានទេសចរណ៍ ប្រភេទនឹងគឺបោះត្រាទៅលើរូបថត ហើយបោះត្រាលើប្រភេទនឹងតែម្តង ចឹងខែក្រោយអាចដំណើរការបាន»

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ដើម្បីផ្តល់សេវាសាធារណ:ឱ្យបានកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ ក្នុងការមកប្តូរប័ណ្ណបើកបរ ដែលបច្ចុប្បន្នមានតែនៅទីតាំងផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ក្រសួងសាធារណការ កំពុងត្រៀមរៀបចំបន្ថែមចំនួន២ទីតាំងទៀត គឺនៅផ្សារទំនើប នូរ៉ូម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង និងម៉ល ជីព ម៉ុង សែនសុខ បន្ថែមទៀតផងដែរ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ៕