(បន្ទាយមានជ័យ)៖ ផ្ទះចំនួន៦ខ្នងបន្ថែមទៀត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ផ្ទះអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាតំណាងប្រគល់ជូនអតីតយុទ្ធជនកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ គន់ គីម បាននាំការផ្តាំផ្ញេីសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងក្នុងឱកាសនោះថា សម្តេចទាំងទ្វេតែងតែគិតគូរជានិច្ចដល់សុខទុក្ខអតីតយុទ្ធជន។
លោក គន់ គីម បន្តថា ទោះជាប្រទេសជាតិកំពុងស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្តី ក៏សម្តេចមិនភ្លេចឱ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកជូនអតីតយុទ្ធជន។
កាលពីដេីមខែមករា កន្លងទៅផ្ទះអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១២៩ខ្នង ក៏ត្រូវបាននាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រគល់ជូនអតីតយុទ្ធជន នៅតំបន់អភិវឌ្ឍន៍ «ការ៉េពីរ» ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យផងដែរ។
លោក ឆាំ វណ្ណី ជាជនពិការរស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក តំណាងឱ្យគ្រួសារអតីតយុទ្ធជនទាំង ៦គ្រួសារ ដែលទទួលបានផ្ទះអំណោយផ្ទះនេះ បានសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរ ដែលបានផ្តល់ផ្ទះជូនពួកគាត់ មានកន្លែងស្នាក់នៅសមរម្យ៕