(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ដ្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ទទួលបានប្រាក់រង្វាន់ពីការផាកពិន័យអ្នកល្មើសច្បាប់ម្នាក់ប្រមាណ ១លានរៀលក្នុងមួយខែ សម្រាប់មន្ដ្រីនគរបាលនៅរាជធានីភ្នំពេញ និងប្រហែលជា ២០ម៉ឺនរៀល សម្រាប់មន្ដ្រីនគរបាលនៅតាមបណ្ដាខេត្ត ក្នុងនោះខេត្តតាកែវបានតិចជាងគេ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចររាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍របស់ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ បានបញ្ជាក់ថា កម្ពុជាទទួលបានថវិកាប្រមាណ៣លានដុល្លារអាមេរិក ពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជារយៈពេល២ខែមកនេះ។
ផ្អែកតាមចំនួនដែលទទួលបាននេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានគូសបញ្ជាក់ថា ថវិកាទាំងអស់នោះ ត្រូវបានបែងចែកទៅតាមអ្វី ដែលរាជរដ្ឋាភិបាល ជាអ្នកកំណត់ ពោលថវិកាពិន័យ៧០ភាគរយ បានទៅមន្ដ្រីនគរបាលជាអ្នកអនុវត្តច្បាប់, ២៥ភាគរយ បានទៅអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋានជំនាញ, ស្នងការដ្ឋានរាជធានី-ខេត្ត និងអធិការដ្ឋានស្រុក ក្រុង) និង ៥ភាគរយ បានទៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
ទន្ទឹមនឹងអ្វីដែលបានអនុវត្តនាពេលកន្លងមកនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងពីវិធានការអនុវត្តតាមផ្លូវច្បាប់ ដោយគ្មានការអត់ឱននោះឡើយ ចំពោះមន្ដ្រីនគរបាលរូបណាដែលប្រព្រឹត្តខុសច្បាប់ នៅពេលបំពេញកិច្ចការងារ ពិសេសលើការងារអនុវត្តច្បាប់ចរាចរណ៍។
ជាមួយការប្រកាសពីការអនុវត្តច្បាប់ចំពោះមន្ដ្រីនគរបាលនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានទទួលស្គាល់នូវអ្វីដែលជាចំណុចខ្វះខាតរបស់មន្ដ្រីអនុវត្តច្បាប់ផងដែរ រួមមាន វិធីសាស្ដ្រអនុវត្តន៍, ចរិក ឥរិយាបថ និងការប្រើប្រាស់ពាក្យសម្ដី, ខ្វះខាតឯកទេសច្បាប់ និងបច្ចេកទេស។
ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអភិបាលរាជធានី-ខេត្ត នឹងបន្ដគោលការណ៍ដោះស្រាយ ដោយដឹកនាំត្រួតពិនិត្យ, បណ្ដុះបណ្ដាល និងខិតខំគាំទ្រលើកទឹកចិត្ត សរសើរជូនរង្វាន់ ព្រមទាំងដាក់ពិន័យនឹងអនុវត្តតាមច្បាប់។
បើតាមការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន រហូតមកដល់ពេលនេះ មន្ដ្រីនគរបាលជាច្រើននាក់ ដែលប្រព្រឹត្តខុសពីបទបញ្ជា ឬច្បាប់ដែលបានកំណត់ ត្រូវបានអនុវត្តតាមច្បាប់ជាធរមាន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានសំណូមពរអភិបាលរាជធានី-ខេត្ត បង្កើនការដឹកនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត មកលើកងកម្លាំងអនុវត្តច្បាប់ ដើម្បីប្រមូលផ្ដុំការរឹតបន្ដឹងច្បាប់ចរាចរណ៍ សម្ដៅកាត់បន្ថយគ្រោះថ្នាក់ និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៕