(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងសង្កាត់ទួលស្វាយព្រៃ១ និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានសំណូមពរអាជ្ញាធរជួយស្តារលូ និងដាក់បន្ថែមបង្គោលអគ្គិសនីបំភ្លឺផ្លូវ ព្រមទាំងជួយសម្រួលក្រុមហ៊ុនដឹក សំរាមបន្ថែមជើង ក្នុងការប្រមូលសំរាមក្នុងមូលដ្ឋាន ដើម្បីសម្រួលដល់ការរស់នៅ និងសុខមាលភាពក្នុងសហគមផងដែរ។
ការស្នើរសុំរបស់ប្រជាពលរដ្ឋ បានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់សាលាខណ្ឌបឹងកេងកង ដែលមានការចូលរួមពីលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ធីម សំអាន អភិបាលខណ្ឌបឹងកេងកង រួមទាំងចៅសង្កាត់ ទួលស្វាយព្រៃទី១ទី២ និងសង្កាត់ទំនប់ទឹក ព្រមទាំងមន្ត្រីការិយាល័យជំនាញ ចំណុះសាលាខណ្ឌ កម្លាំងសមត្ថកិច្ចជាច្រើននាក់ទៀត។
អភិបាលខណ្ឌបឹងកេងកង លោក ធីម សំអាន ក្នុងកិច្ចប្រជុំបានសន្យា និងចុះពិនិត្យ ជាបន្ទាន់រាល់សំណូមពររបស់ប្រជាពលរដ្ឋពាក់ព័ន្ធ និងការស្នើរសុំផ្សេងៗ ជាពិសេសការស្នើរឲ្យមានការស្តារប្រព័ន្ធលូ ការសុំឲ្យអាជ្ញាធរចុះពិនិត្យមែកឈើ ដែលបាំងភ្លើងបំភ្លឺនៅពេលយប់។
ក្នុងនោះលោកអភិបាលខណ្ឌ ក៏បានទទូចឲ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ ក្នុងការទុកដាក់ និងបែងចែកសំរាមស្ងួត និងសើម ជាពិសេសការនាំសំរាមចេញមកដាក់នៅលើចិញ្ចើមផ្លូវខុសពីម៉ោង និងពេលវេលា ដែលរថយន្តដឹកសំរាមមកប្រមូល ព្រោះរដូវវស្សាអាចបណ្តាល ឲ្យទឹកភ្លៀងនាំយកសំរាមទាំងនោះ ហូរបញ្ចូលទៅក្នុងប្រឡាយលូ ធ្វើឲ្យមានការកកស្ទះលូបន្ថែមទៀត។
ជាមួយគ្នានេះ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សា ខណ្ឌបឹងកេងកង ក៏បានជំរុញឲ្យមន្រ្តីជំនាញទាំងអស់ ទទួលយកសំណើ សំណូមពរ ដើម្បីចូលរួមកែលម្អ រាល់ចំណុចខ្វះខាត និងដោះស្រាយជូនភ្លាមៗ នូវអ្វីដែលអាចដោះស្រាយបាន បើហួសពីសមត្ថភាព ត្រូវធ្វើរបាយការណ៍ ឬដាក់សំណើនោះ ទៅថ្នាក់រាជធានី ពិសេសក្រុមការងារថ្នាក់ជាតិចុះជួយនៅតាមសង្កាត់ ភូមិ ក្នុងខណ្ឌបឹងកេងកង ចុះពិនិត្យ និងដោះដោយផ្ទាល់ជូនប្រជាពលរដ្ឋបន្ត៕