(តាកែវ)៖ បន្ទាប់ពីបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ បានចង «ក» សម្លាប់ខ្លួនកាលពីម្សិលមិញ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយមានការបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិនោះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ស្រ្តីជាប្រពន្ធជនរងគ្រោះ បានចេញមុខមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើងដោយគ្មានមូលដ្ឋានបែបនេះ។
អ្នកស្រី សេម ច្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រូសារខ្ញុំមិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រូសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
គួរបញ្ជាក់ថា ក្រោយពីជនរងគ្រោះឈ្មោះ សេម ថា បានបានចង «ក» សម្លាប់ខ្លួន កាលពីថ្ងៃទី៦ ខែកក្កដា នៅផ្ទះរបស់ខ្លួនក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ដោយសារជំងឺសសៃប្រសាទ ដោយបន្សល់ទុកឲ្យក្មេងម្នាក់ក្លាយជាក្មេងកំព្រា មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលមានចរិតដុតឲ្យខ្លោចរោលឲ្យឆៅ បានបង្ហោះសារដោយគ្មានមូលដ្ឋានថា បុរសខាងលើចង «ក» សម្លាប់ខ្លួន ព្រោះតែជំពាក់ប្រាក់ធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ៕