(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា (JBAC) ដែលមានក្រុមហ៊ុនជាសមាជិកចំនួន ២៧០ក្រុមហ៊ុនស្ថិតក្នុងដៃនោះ កំពុងតែសម្លឹងរកមើលទីតាំងមួយចំនួននៅប្រទេសកម្ពុជា ដើម្បីបង្កើនការវិនិយោគលើវិស័យទេសចរណ៍ ដោយពួកគេជឿជាក់ថា កម្ពុជានៅតែជាគោលដៅវិនិយោគ និងទេសចរណ៍ដែលមានសុវត្ថិភាពខ្ពស់។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូវិនិយោគិនជប៉ុនដែលដឹកនាំដោយលោក ខាន់ដា យ៉ូហ្គោ (KANDA Yogo) ប្រធានសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជា និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនសាជីវកម្មមីតស៊ុយប៊ីស្សី (Mitsubishi Corporation) នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញពីសភាពការណ៍ថ្មីៗ ក៏ដូចជាការវិវត្តនៃវិស័យទេសចរណ៍កម្ពុជា នាកំលុងពេលជួបវិបត្តិជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាទទួលបានកំណើនទេសចរក្នុងស្រុកច្រើនឡើងៗ ខណៈការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមុខព្រួញនៃប្រតិបត្តិការទេសចរណ៍ ក៏កំពុងយកចិត្តទុកដាក់ខ្ពស់នៅទូទាំងប្រទេស ពិសេសនៅតាមមូលដ្ឋានអាជីវកម្មសំខាន់ៗចំនួន ៦ រួមមាន៖ រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក មូលដ្ឋានអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹក មូលដ្ឋានសេវាកម្មស្នាក់នៅទេសចរណ៍ មូលដ្ឋានសេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន។
លោក បានបញ្ជាក់ប្រាប់ប្រតិភូសមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាផងដែរ អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ខេត្តមណ្ឌលគិរីនៃភូមិភាគឦសាន និងខេត្តកែប និងការអភិវឌ្ឍន៍ គោលដៅសេសដ្ឋកិច្ចពហុបំណងនៅក្រុងព្រះសីហនុ នៃតំបន់ឆ្នេរសមុទ្រភូមិភាគនិរតី។
លោករដ្ឋមន្ត្រី បន្តថា តំបន់សំខាន់ទាំងបីខាងលើនេះ ចាំបាច់ត្រូវការអ្នកវិនិយោគអន្តរជាតិជាច្រើនក្នុងការបណ្ដាក់ទុកវិនិយោគ និងជួយអភិវឌ្ឍន៍បង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពទាក់ទាញ។ ដូច្នេះវាក៏ជាឱកាសដ៏ល្អបំផុតសម្រាប់សមាជិករបស់សមាគម JBAC ដែរ ក្នុងការបង្កើនការវិនិយោគ និងទេសចរណ៍នៅកម្ពុជា។
ឆ្លើយតបនឹងការពន្យល់បង្ហាញពីលោករដ្ឋមន្ត្រី ថោង ខុន ខាងលើនេះ លោក ខាន់ដា បានថ្លែងថា តាមពិតទៅសមាគម JBAC របស់លោកមានគម្រោងបង្កើនការវិនិយោគបន្ថែមនៅប្រទេសកម្ពុជាដែរ ប៉ុន្តែដោយសារកំលុងពេលនេះ ពិភពលោកទាំងមូលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ ទើបសមាជិកទាំងឡាយផ្អាកគម្រោងរបស់ខ្លួនសិន ហើយកំពុងរង់ចាំស្ដាប់ព័ត៌មានអំពីការវិវត្តថ្មីៗបន្ថែម ប៉ុន្តែទោះជាយ៉ាងណា កម្ពុជានៅតែស្ថិតក្នុងគម្រោងវិនិយោគបន្ថែមរបស់ពួកគេជានិច្ច។
ប្រធាន JBAC រូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ ផុតរលត់ពីពិភពលោកនេះទៅ លោកនឹងជំរុញទាក់ទាញឱ្យសមាជិករបស់សមាគមបង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពិសេសគឺការវិនិយោគលើវិស័យទេសចរណ៍នេះតែម្ដង។
ភាគីកម្ពុជាមានការសប្បាយរីករាយខ្លាំងណាស់ នៅពេលបានស្ដាប់ការបញ្ជាក់ពីភាគីជប៉ុន។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យសមាគម JBAC ជួយជំរុញឱ្យមានកំណើនភ្ញៀវទេសចរពីប្រទេសជប៉ុនមកកម្ពុជាឱ្យបានច្រើន នៅពេលជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ខណៈកម្ពុជាកំពុងរៀបចំត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ ក្នុងការទទួលស្វាគមន៍ការត្រលប់មកម្ដងទៀតរបស់ភ្ញៀវទេសចរអន្តរជាតិ។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា ម្ដងនេះកម្ពុជាទទួលបានមេរៀនជាច្រើនពីវិបត្តិជំងឺកូវីដ ហើយកម្ពុជាបានចាត់ទុកបញ្ហាការពារសុវត្ថិភាពភ្ញៀវទេសចរជារឿងចំបាច់បំផុតសម្រាប់ពេលតទៅមុខ ដែលការតាំងចិត្តទាំងនេះនឹងធានាបាននូវសុវត្ថិភាពទេសចរណ៍យ៉ាងរឹងមាំដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគទូទៅ។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យដល់សមាគម JBAC ជួយរៀបចំផែនការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសជប៉ុនបន្ថែមផងដែរ ពីព្រោះលោកជឿថាការងារទាំងនេះមិនអាចពឹងតែទៅលើសមាគមឱ្យធ្វើតែម្នាក់ឯងនោះឡើយ វាចាំបាច់ត្រូវឱ្យកម្ពុជាខិតខំជួយធ្វើរួមគ្នាដែរ ដូច្នេះហើយលោករដ្ឋមន្ត្រីសង្ឃឹមថា JBAC នឹងជួយក្នុងកិច្ចការងារនេះ។
មួយវិញទៀត លោក ថោង ខុន បានស្នើដល់សមាគមពាណិជ្ជកម្មជប៉ុនប្រចាំកម្ពុជាបន្តគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត» ដែលក្រសួងទេសចរណ៍បាននិងកំពុងធ្វើឆ្ពោះទៅកាន់ព្រឹត្តិការណ៍សុីហ្គេម ២០២៣ ពីព្រោះ JBAC ក៏ធ្លាប់បានជួយក្រសួងទេសចរណ៍ និងមានគម្រោងក្នុងកិច្ចការនេះដែរ។
លោក ខាន់ដា សន្យាថានឹងពង្រឹងកិច្ចសហការក៏ល្អនេះជាមួយកម្ពុជាបន្តទៅមុខទៀត ដើម្បីជំរុញវឌ្ឍនភាពលើវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសមិត្តទាំងពីរ ដោយអ្វីៗទាំងអស់ខាងលើនេះ សុទ្ធតែសង្ឃឹមទុកនៅពេលវិបត្តិជំងឺកូវីដ-១៩ រលាយរលត់ចេញផុតពីភពផែនដី៕