(តាកែវ)៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងអធិការអធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទីផងដែរ។
លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី ដែលទើបទទួលបានការតែងតាំងតួនាទីថ្មី ជាអធិការនៃអធិការដ្ឋាន នគរបាលស្រុកបាទី បង្ហាញការប្ដេជ្ញាចិត្តខិតខំយកចិត្តទុកដាក់ បំពេញតួនាទី ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ព្រមទាំងបង្ហាញពីភាពស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ គោរព និងអនុវត្តយ៉ាងស្មោះត្រង់ តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល លះបង់កម្លាំងកាយចិត្ត ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប្រព្រឹត្តយ៉ាងម៉ឺងម៉ាត់ និងដោយសច្ចៈយុត្តិធម៌ចំពោះមុខច្បាប់ បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំង រក្សាអង្គភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សុខ សំណាង ក៏ដូចជាលោក ភួន ឈីម បានសម្ដែងការលើកទឹកចិត្តខ្ពស់ ចំពោះការប្ដេជ្ញាចិត្ត របស់លោកអធិការថ្មី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឱ្យទទួលបានជោគជ័យ ពោលគឺក្នុងនាមនគរបាលក្នុង មូលដ្ឋានត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ជាពិសេសធានាការពារឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយបន្តអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕