(បាត់ដំបង)៖ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សមាជិកគណៈកម្មាធិការកណ្តាលបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានឃុំភ្នំសំពៅ លោកបណ្ឌិត ហែម ថេង និងសហការី បានចុះចែករទេះរុញ និងអំណោយជូនដល់ជនពិការចំនួន១១នាក់ មកពីភូមិនានា ក្នុងឃុំភ្នំសំពៅ។
លោកបណ្ឌិត ហែម ថេង បានឲ្យដឹងថា ក្នុងនាមក្រុមការងារបក្សចុះជួយមូលដ្ឋានឃុំភ្នំសំពៅ តែងតែបានចុះជួយដល់ជនពិការទូទៅជាបន្តបន្ទាប់រហូតមកបានចំនួន ៦៣នាក់មកហើយ ជាក់ស្តែងថ្ងៃនេះក្រុមការងារបានស្រាវជ្រាវរកឃើញជនពិការចំនួន១១នាក់ បន្ថែមទៀត ដើម្បីចែករទេះ និងគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងនោះជនពិការម្នាក់ទទួលបានរទេះ១ អង្ករ១បាវ, ត្រីខ១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងឧបត្ថម្ភថវិកា១០ម៉ឺនរៀល។
លោកបណ្ឌិត បានបញ្ជាក់ថា ជនពិការម្នាក់នៅក្នុងគ្រួសារជាបន្ទុកធ្ងន់មួយ ហើយត្រូវការមនុស្សម្នាក់ទៀតសម្រាប់មើលថែទាំ ដោយមិនបានចេញទៅធ្វើការអ្វីដើម្បីរក ចំណូលបានឡើយ បើគាត់មានរទេះរុញ១ គឺកាត់បន្ថយការលំបាកមួយចំនួនរបស់ពួកគាត់ ហើយអ្នកមើលថែម្នាក់ក្នុងគ្រួសារមាន ឱកាសឆ្លៀតទៅធ្វើអ្វីផ្សេងបាន ឬធ្វើការងារអាចរកចំណូលបាន ជួយទ្រទ្រង់ជីវភាព គ្រួសារបានមួយផ្នែកផងដែរ។
លោកប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋជាជនពិការ ត្រូវថែទាំរក្សាសុខភាពខ្លួនឯងឲ្យបានល្អនិងយកចិត្តទុកដាក់បំផុតព្រោះរដូវនេះជារដូវភ្លៀងផង។
ជនពិការទាំងអស់ដែលបានទទួលអំណោយជារទេះរុញ និងគ្រឿងឧបភោគបរិភោគមួយចំនួនបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់គណបក្សប្រជាជនកម្ពុជា ពិសេសលោកប្រធានក្រុមការងារបក្សឃុំភ្នំសំពៅ តែងតែបានជួយប្រជាពលរដ្ឋ ដែលជួបកសរលំបាកខ្លាំងជាបន្តបន្ទាប់មកផងដែរ៕