(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា អគ្គិសនីកម្ពុជា ទើបទទួលសមិទ្ធិផលថ្មីមួយបន្ថែមទៀត គឺការដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០ គីឡូវ៉ុល ពីសៀមរាបមកកំពង់ធំ ដែលជាកំណាត់ចុងក្រោយ នៃបណ្តាញបញ្ជូនតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ជាកងជុំវីញបឹងទន្លេសាប ដែលឆ្លងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ចាម។

លោករដ្ឋមន្ត្រីបានថា ដាក់ឲ្យដំណើរការខ្សែបញ្ជូន ២៣០គីឡូវ៉ុលនេះ ធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលជាសមិទ្ធិផលថ្មីជាប្រវត្តិសាស្រ្តមួយទៀត ដែលទើបសម្រេចបាន ក្រោយពេលសាងសង់ដ៏លំបាករយៈពេលជាង៣ឆ្នាំ នៃកំណាត់ខ្សែបណ្តាញពីបាត់ដំបង មកកំពង់ចាមប្រវែង ៣៦២ គីឡូម៉ែត្រ ។

លោក កែវ រតនៈ បានបញ្ជាក់ទៀតថា «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានបំណងយូរមកហើយ ចង់ឲ្យខេត្តទាំង៨ ជុំវិញបឹងទន្លេសាបទាំងអស់ រួមទាំងរាជធានីភ្នំពេញមួយទៀត មានខ្សែបញ្ជូនអគ្គិសនី ដែលអាចយកប្រភពថាមពលចេញពីខ្សែបញ្ជូននេះ ទៅឲ្យខេត្តកោះកុង ព្រះវិហារ ប៉ៃលិន និងឧត្តរមានជ័យផងដែរ ដែលផែនការនេះត្រូវបានសម្រេចនៅថ្ងៃម្សិលមិញនេះ តាមរយៈការដាក់ភ្ជាប់កំណាត់ចុងក្រោយ ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ។ នេះជាការតភ្ជាប់ដង្ហើមសេដ្ឋកិច្ចធំណាស់របស់បណ្តាខេត្តដែលមានប្រជាពលរដ្ឋរស់នៅច្រើនលើសលុប ជុំវិញបឹងទន្លេសាប ហើយក៏ជាកន្លែងដែលប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជាយើង។ ខ្សែបណ្តាញនេះនឹងបង្កើនស្ថិរភាពឲ្យទៅការផ្គត់ផ្គង់ទៅខេត្តជុំវិញបឹងទន្លេសាបទាំងអស់មានស្ថិរភាពល្អជាងមុន និងប្រភពនៃការផ្គត់ផ្គង់ពីបណ្តាញជាតិក៏សំបូរជាងមុន»

លោករដ្ឋមន្ត្រីប្រតិភូបានរំលឹកផងដែរថា ខ្សែបណ្តាញនេះត្រូវបានដាក់ឲ្យដំណើរការជាដំណាក់កាលៗ រួមមាន ភ្នំពេញ-បាត់ដំបង និងភ្នំពេញ-កំពង់ចាម ដាក់ឲ្យដំណើរការខែមិថុនាឆ្នាំ២០១៣, បាត់ដំបង-សៀមរាប ដាក់ឲ្យដំណើរការនៅខែកុម្ភៈ ឆ្នាំ២០១៩, កំពង់ធំ-កំពង់ចាម ដាក់ឲ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០១៩ និងចុងក្រោយនៅថ្ងៃនេះ សៀមរាប-កំពង់ធំ ដែលមានប្រវែង ១៣៦ គីឡូម៉ែត្រ។ បណ្តាញជាកងនេះក៏បានភ្ជាប់បន្តទៅខេត្តកោះកុង, ប៉ៃលិន, ឧត្តរមានជ័យ និងព្រះវិហារ ផងដែរ។

ចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប នឹងមានស្ថិរភាព និរន្តរភាពខ្ពស់ ដោយសារមានប្រភពសងខាង ដែលទោះបីមានកំណាត់ណាមួយមានបញ្ហា ក៏យើងមានលទ្ធភាពផ្គត់ផ្គង់ឡើងវិញដែរ៕