(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបពិភាក្សាការងារ ជាមួយលោក ប៉ាន់ យ៉ារ៉ាក់ ភូនសាប់ អគ្គរាជទូតថៃប្រចាំកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងច្រើន ទាក់ទងនឹងបញ្ហាគ្រឿងញៀន នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ នៅវិមានមិត្តភាព ទីស្តីការគណរដ្ឋមន្រ្តី។
ក្នុងជំនួបពិភាក្សានោះ ភាគីកម្ពុជា និងថៃ បានសន្យារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការចុះត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសគ្រឿងញៀន បើទោះបីជាប៉ុន្មានខែចុងក្រោយនេះ ការជួញដូរគ្រឿងញៀន តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ មានការធ្លាក់ចុះក្តី ក៏ប៉ុន្តែវានៅតែបន្តគំរាមកំហែង កម្រិតខ្ពស់ដដែល។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា បើទោះបីជាបញ្ហាមេរោគរាតត្បាតកូវីដ១៩ នៅបន្តយាយីយ៉ាងណាក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតែបន្តដើម្បីផលប្រយោជន៍ របស់ប្រជាជន នៃប្រទេសទាំងពីរ ខណៈដែលប្រទេសយើងទាំងពីរ (កម្ពុជា-ថៃ) នេះជាប្រទេសរងគ្រោះ ដោយសារបញ្ហាគ្រឿងញៀនដូចគ្នានោះ។
ឆ្លើយតបទៅនឹងសំណើរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន, លោក ប៉ាន់ យ៉ារ៉ាក់ ភូនសាប់ បានលើកឡើងថា ប្រទេសថៃ នឹងបន្តផ្តល់ជំនួយបច្ចេកទេស និងសម្ភារស្រាវជ្រាវត្រួតពិនិត្យគ្រឿងញៀន ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បន្ថែមទៀត ខណៈដែរមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដ៏ធំ នៅខេត្តព្រះសីហនុ ដែលមានជំនួយរបស់ថៃ ចូលរួមសាងសង់ដែលនោះ គ្រោងនឹងសម្ពោធជាផ្លូវការ នាខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។
ជាមួយគ្នានេះ លោក ប៉ាន់ យ៉ារ៉ាក់ ភូនសាប់ បានបន្តទៀតថា រដ្ឋាភិបាលថៃ នៅតែបន្តព្រួយបារម្ភ ចំពោះករណីគ្រឿងញៀន ទោះបីជាប៉ុន្មានខែចុងក្រោយនេះ អាជ្ញាធរនៃប្រទេសទាំងពីរ មានការរឹតត្បិតការចេញចូល ដោយសារបញ្ហាមេរោគកូវីដ១៩ក្តី ហើយក៏មិនត្រូវធ្វេសប្រហែសនោះដែរ ពីព្រោះពួកឧក្រិដ្ឋជន វាមានឱកាសគ្រប់ពេលវេលា សម្រាប់ជួញដូរ ពេលដែលអាជ្ញាធរមានការឆកល្វែងនោះ៕