(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅថ្ងៃទី១០ កក្កដា ២០២០ បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលមានថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុនជាង១០០នាក់ស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីចូលរួមសង្គ្រោះជីវិត។
នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា «ការលះបង់ដ៏ធំធេង ទាំងធនធាន និងពេលវេលារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពិសេសការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បុគ្គលិកយើង គឺដើម្បីចូលរួមសង្រ្គោះជីវិតមនុស្ស ពីព្រោះយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ថា គ្មានរោងចក្រណាអាចផលិតឈាមបានទេ មានតែការបរិច្ចាគទេទើបអាចបំពេញកង្វះខាតដ៏ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្តធ្លាក់ចុះខ្លាំងក្នុងអំឡុងវិបត្តិកូរីដ-១៩នេះ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីបរិច្ចាគឈាមនៅរោងចក្ររបស់ខ្លួន ជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនេះ បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏តែងតែទៅបរិច្ចាគឈាននៅតាមមន្ទីរពេទ្យដោយផ្ទាល់ ដែលស្ថិតនៅតាមតំបន់ដែលពួកគេឈរជើងផងដែរ៕