(កំពង់ឆ្នាំង)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ រួមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម។
គម្រោងលំហាច ជាអនុគម្រោងមួយក្នុងចំណោមអនុគម្រោងទាំង៦ នៃគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ក្រោមហិរញ្ញប្បទាន សម្បទានរបស់ប្រទេសជប៉ុន។
គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ២០១៦ ហើយគ្រោងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២០។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ៨៤,៧% លើទំហំការងារសរុបរបស់គម្រោង។
ទំហំការងារដែលបាន និងកំពុងអនុវត្តរួមមាន៖
*ទី១៖ សំណង់ក្បាលហុងទឹក (Headworks) ចំនួន០១កន្លែង សម្រេចបានប្រមាណ៩៨%
*ទី២៖ សំណង់នាំទឹក (Intake) ចំនួន០១កន្លែង សម្រេចបាន១០០%
*ទី៣៖ សាងសង់ប្រឡាយមេបេតុងចំនួន០១ខ្សែ ស្មើនឹងប្រវែង១៦,៤០គីឡូម៉ែត្រ សម្រេចបាន៧០%
*ទី៤៖ សាង់សងប្រឡាយថ្នាក់ទី២ បេតុងចំនួន១៣ខ្សែ ស្មើនឹងប្រវែង៤២,៥០គីឡូម៉ែត្រ
*ទី៥៖ សាងសង់ប្រឡាយដោះទឹក ចំនួន១៥ខ្សែ ស្មើនឹងប្រវែង៥២,៩០គីឡូម៉ែត្រ សម្រេចបាន៨៥%
*ទី៦៖ សាងសង់ប្រឡាយថ្នាក់ទី៣ ចំនួន៩៤ខ្សែ ស្មើនឹងប្រវែង៦២គីឡូម៉ែត្រ សម្រេចបាន១០០%
*ទី៧៖ សាងសង់សំណង់សិល្បការសរុបចំនួន៥៥៧កន្លែង សម្រេចបានប្រមាណ៩៧%
*ទី៨៖ សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹកចំនួន០១កន្លែង សម្រេចបាន១០០%។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការ ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ហិកតា។
លោករដ្ឋមន្ត្រីបានជម្រាបជូននូវអ្វី ដែលជាលក្ខណៈបច្ចេកទេស នៃប្រព័ន្ធធារាសាស្ត្រ ដែលក្រសួងបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្នទៅតាមស្ថានភាព ភូមិសាស្ត្រជាក់ស្ដែងដូចជា អនុគម្រោងលំហាចនេះជាដើម គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀតដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ក្រុមការងារឲ្យស្វះស្វែង រកមើលការងារណា ដែលប្រើប្រាស់សាច់ប្រាក់ពលកម្មសម្រាប់ផ្តល់ការងារ ជូនដល់កម្មករ-កម្មការិនី ដែលពុំមាន ការងារធ្វើ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
សមិទ្ធផលទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រនាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទសជប៉ុន ដែលជានិច្ចកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារដែលសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក និងសូមប្រកាន់ខ្ជាប់នូវអនាម័យ តាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ចំពោះរលកទី២ នៃជំងឺកូវីដ១៩៕