(ភ្នំពេញ)៖ អ្នកនាង បេងទី សៅបូរីណា នាយិកាក្រុមហ៊ុន Phnomlist បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា សម្រាប់យុវជនដែលចង់ទទួលបានជោគជ័យ ក្នុងអាជីពការងារនៅពេលបញ្ចប់ការសិក្សា និងដើម្បីក្លាយជាបុគ្គលិកល្អ ឬអ្នកធុរកិច្ចល្អ គួរគប្បីត្រូវតែដឹងថាខ្លួនឯងស្រលាញ់ចង់ធ្វើការងារអ្វី ហើយសង្គមនៅថ្ងៃអនាគតត្រូវការអ្វី។
វាជារឿងល្អបើសិនជាយុវជន ដឹងពីចំណូលចិត្តរបស់ខ្លួនឯង ឱ្យរួចរាល់មុននឹងអាចចាប់យកជំនាញវិជ្ជាជីវៈត្រឹមត្រូវមួយ សំរាប់ខ្លួនឯងនាថ្ងៃអនាគត បន្ថែមលើការស្គាល់ខ្លួនឯងហើយ យុវជនត្រូវចំណាយពេលលើការសិក្សា ស្រាវជ្រាវចុះអនុវត្តផ្ទាល់ ពីរបៀបអភិវឌ្ឍចំណេះ និងជំនាញនោះឱ្យបានច្បាស់លាស់សិន មុននឹងចូលរួមអភិវឌ្ឍន៍ វិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យ។
អ្នកនាង បេងទី សៅបូរីណា បានបន្ថែមថា ដើម្បីអាចអភិវឌ្ឍន៍ខ្លួនបាន អ្វីដែលត្រូវធ្វើនោះ គឺគាត់ត្រូវរៀនឱ្យបានច្រើន អានសៀវភៅ និងធ្វើការងារស្រាវជ្រាវអំពីសេដ្ឋកិច្ច និងព័ត័មានផ្សេងៗឱ្យបានច្រើន ទទឹមនឹងនេះយុវជនត្រូវរៀនអ្វីដែលខ្លួនស្រលាញ់ចង់ធ្វើ តែត្រូវមើលផងដែរថា តើជំនាញដែលស្រលាញ់វាមានតំរូវការសម្រាប់ទីផ្សារ នៅពេលអនាគត ឬអត់ ហើយនៅក្នុងសង្គមយើង តើនៅខ្វះខាតជំនាញណាខ្លះ? បើអាចដឹងពីបញ្ហាទាំងអស់នេះ ហើយនោះនឹងអាចជ្រើសរើសជំនាញបានត្រឹមត្រូវ ទៅនិងទីផ្សារនាពេលអនាគតបានយ៉ាងច្បាស់លាស់ផងដែរ។ បន្ទាប់ពីជ្រើសរើសជំនាញបានត្រឹមត្រូវហើយនោះ យុវជនត្រូវតែតាំងចិត្តក្នុងការរៀនសូត្រ ស្រាវជ្រាវរកអ្វីដែលថ្មីសម្រាប់ខ្លួនរបស់ឯងបន្ថែមទៀតផងដែរ។
នាយិការូបនេះបានបន្ថែមថា យុវជនដែលជោគជ័យ គឺមិនត្រឹមតែសិក្សារៀនសូត្រតែក្នុងថ្នាក់មួយមុខបានគ្រប់គ្រាន់ទេ គឺត្រូវតែស្វែងរកបទពិសោធន៍ខាងក្រៅបន្ថែមទៀត តាមរយៈការធ្វើការខាងក្រៅឱ្យបានឆាប់រហ័រតាម ដែលអាចធ្វើបាន ដើម្បីទទួលបានជំនាញថ្មីៗ និងដើម្បីសិក្សាស្វែងយល់ពីរបត់នៃសង្គមបន្ថែមទៀត ហើយអាចដឹងថាសង្គមជាតិបានដើរដល់ណា ហើយគាត់ត្រូវត្រៀមអ្វីខ្លះ ដើម្បីចាប់យកការងារ និងអាជីវកម្មដែលគេកំពុងតែត្រូវការចំណុចសំខាន់យុវជនត្រូវហ៊ានសំរេច និងហ៊ានទទួលខុសត្រូវលើការងារដែលខ្លួនធ្វើ កុំទម្លាប់រត់ចោលការងារ និងបោះបង់ចោលពេលដែលជួបការលំបាក។
បន្ថែមលើចំណុចខាងលើយុវជន គប្បីមានភាពឆ្លៀសវៃ ក្នុងការតាមដានព័ត៌មានតាមរយៈការសែត សារព័ត៌មាន online ទូរទស្សន៍ និងផ្សេងៗជាច្រើនទៀត ឱ្យបានដឹងពី ឱកាសការងារ និងការអភិវឌ្ឍនៃសេដ្ឋកិច្ចជាតិថ្មីៗបន្ថែទៀត។ ជាមួយគ្នានោះដែរ ភាសា និងបទពិសោជន៍ការងារក៏មានឥទ្ធិពលសំខាន់មួយ ដែលនាំឱ្យយុវជន ទទួលបានជោគជ័យក្នុងជីវិតរបស់ពួកគាត់។
អ្នកនាងបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាត្រូវការអ្នកចេះដឹងពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលកំពុងរីកចំរើន នាពេលបច្ចុប្បន្ននឹងថ្ងៃអានាគត។ យុវជនខ្លះ អាចមានឱកាសក្លាយជានាយកគ្រប់គ្រង នាយកប្រតិបត្តិ និងប្រធានផ្នែកផ្សេងៗនៅតាមបណ្តាក្រុមហ៊ុនជាតិ និងអរន្តជាតិប្រកបដោយភាពថ្លៃថ្នូរ ដូចនេះការសិក្សារឱ្យ បានច្បាស់លាស់ទៅលើជំនាញ និងការចុះអនុវត្តផ្ទាល់ពិតជាមានអត្ថប្រយោជន៍ណាស់ នៅពេលកំពុងសិក្សារៀនសូត្រ។
នាយិកាក្រុមហ៊ុន Phnomlist បានបន្ថែមថា បើក្រឡេកមើលទៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ ទីផ្សារការងារដែលកំពុងតែមានសក្កានុពលខ្លាំងនោះគឺ ជំនាញបច្ចេកទេស ដែលមានដូចជា ជំនាញវិស្វករ ជំនាញបចេ្ចកទេសសំណង់ ជំនាញអគ្គិសនី និងជំនាញបច្ចេកទេសខាង ព័ត៌មានវិទ្យាផ្សេងៗទៀត ក្នុងនោះដែរជំនាញអភិវឌ្ឍផ្នែកអាជីវកម្ម ក៏កំពុងតែមានទីផ្សារច្រើនផងដែរ ព្រោះដោយមើលឃើញថា ប្រទេសជាតិយើងកំពុងតែមានភាពរីកចំរើនឥតឈប់ឈរ សំណងអគាររីកកើនឡើងដូចផ្សិតដែលនេះហើយ គឺត្រូវទាមទារឱ្យអ្នកជំនាញបច្ចេកទេសច្រើន ក្នុងការធ្វើការងារទាំងអស់នេះ។
អ្នកជំនាញរូបនេះ បានបន្ថែមទៀតដើម្បីទទួលបានជោគជ័យ ក្នុងឱកាសការងារដែលខ្លួនកំពុងធ្វើ ច្បាស់ណាស់យុវជនត្រូវទាមទារ ឱ្យចេះស្រលាញ់នូវអ្វីដែលខ្លួនកំពុងធ្វើ ចាត់ទុលខ្លួនឯងជាម្ចាស់ ដោយខិតខំធ្វើនូវអ្វីដែលខ្លួនកំពុងធ្វើ និងមានទំនួលខុសត្រូវខ្ពស់ នូវអ្វីដែលខ្លួនធ្វើ ចេះយកចិត្តទុកដាក់ជាមួយក្រុមហ៊ុន ប្រាក់ចំណូលក្រុមហ៊ុន យកចិត្តទុកដាក់ពីមុនតំណែងរបស់ខ្លួន អ្វីដែលសំខាន់នោះ កុំធ្វើការដើម្បីឱ្យតែឱ្យមេស្រលាញ់ គឺត្រូវធ្វើការដើម្បីឱ្យក្រុមហ៊ុនមានការរីកចំរើន និងត្រូវចេះដាក់ខ្លួន ដើម្បីទទួលយកចំនេះដឹងថ្មីៗ សម្រាប់ខ្លួនឯងផងដែរ។
ធ្វើការឱ្យគេគឺមិនអន់នោះទេ តែការងារនឹងបង្រៀនឱ្យយើងយល់ច្បាស់ ពីអ្វីដែលហៅថា ការធ្វើអាជីវកម្មពិតប្រាកដ និងអ្វីដែលហៅថា សមត្ថភាពប្រកួតប្រជែងជាសាកល ហើយត្រូវរៀនបង្កើតភាសាទំនាក់ទំនង និងជំនាញគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ នោះនៅថ្ងៃអនាគតនិងអាចក៏អាចក្លាយ ជាអ្នកជំនួញជោគជ័យពិតប្រាកដ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Phnomlist ជាក្រុមហ៊ុនផ្តល់សេវាកម្ម ផ្គត់ផ្គងធន់ធានមនុស្សតាមបណ្តាអាជីវកម្ម , ផ្តល់សេវាកម្មខាងផ្នែកបច្ចេកវិទ្យាទីផ្សារ, ការផ្គត់ផ្ទង់ប្រព័ន្ធបច្ចេកវិទ្យានៅតាមក្រុមហ៊ុន និងការផ្វព្វផ្សាយដំណឹងការងារនៅលើប្រព័ន្ធអ៉ីនធ័រណេតផងដែរ ទំនាក់ទំនងទូរសព្ទលេខ 012 265 828 023 986 628 ៕