(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយជាថវិកា សប្បុរសធម៌ពីសប្បុរសជន ក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅទីស្នាក់ការសាខាខេត្តកណ្តាល រសៀលថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខា និងសូមសន្យាថា សាខានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះបម្រើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយគ្មានការ រើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ថវិការដែលសប្បុរសជនបានឧបត្ថម្ភជូនដល់សាខាកាកបាទក្រហម រួមមាន៖
*ទី១៖ លោកស្រី អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond បានឧបត្ថម្ភ៣ម៉ឺនដុល្លារ
*ទី២៖ លោកវេជ្ជបណ្ឌិត សាន អៀងសេង និងភរិយា ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ
*ទី៣៖ លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្តាលស្ទឹងឧបត្ថម្ភថវិកា ៧៧៧៧ដុល្លារ
*ទី៤៖ លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ឧបត្ថម្ភថវិកា ៥៥០០ដុល្លារ
*ទី៥៖ លោក វ៉ន ប៊ុនស៊ីម និងភរិយាឧបត្ថម្ភថវិកា៥០០ដុល្លារ
*ទី៦៖ ក្រុមហ៊ុន សមានា ភីភី ឯ.ក ឧបត្ថម្ភថវិកា៥០០ដុល្លារ៕