(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្តត្បូងឃ្មុំ បានដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ នាំយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនសមាជិកសមាគមអតីតយុទ្ធជនចំនួន៣៨គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ដែលបានស្ម័គ្រចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងឱកាសនោះមានការរួមដំណើរពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត រួមទាំងថ្នាក់ដឹកនាំសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងមន្ត្រីជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនោះ លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងណែនាំសមាជិកសមាគមទាំង៣៨គ្រួសារ ពីការថែទាំសុខភាព ព្រមទាំងត្រូវមានការ ប្រុងប្រយ័ត្នជានិច្ច ដោយរួមគ្នាជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បង្ការ ទប់ស្កាត់ ចំពោះជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលពាសពេញពិភពលោក។
ឆ្លើយតបនូវសំណូមពរចាំបាច់ចំពោះមុខរបស់ពលរដ្ឋទាំង៣៨គ្រួសារ ដែលបានលើកឡើង ភ្លាមៗ លោក ជាម ច័ន្ទសោភ័ណ បានយល់ព្រមដោះស្រាយជួយតភ្ជាប់ប្រព័ន្ធទឹក-ភ្លើង ជូនពលរដ្ឋទាំង៣៨ខ្នងផ្ទះ ព្រមទាំងចាត់ឲ្យមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីសុខាភិបាលខេត្តក្រចេះ ចុះមកពិនិត្យសុខភាពជូនក្នុង១ខែម្តង។
បន្ថែមជាពិសេសលើសពីនេះ លោកអភិបាលខេត្ត នឹងរៀបចំដំណើរកំសាន្តមួយ សម្រាប់បងប្អូនទៅដើរលេងនៅតំបន់រមណីយដ្ឋានកន្លែងណាមួយក្នុងប្រទេសកម្ពុជា រយៈពេល១យប់២ថ្ងៃ ដោយលោកជាអ្នករ៉ាប់រងរាល់ការចំណាយទាំងអស់ ដើម្បីឲ្យបងប្អូនបានឃើញពីភាពស្រស់ស្អាត ការអភិវឌ្ឍន៍រីកចម្រើន របស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៍ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនសមាជិកអតីតយុទ្ធជនទាំង៣៨គ្រួសារ ក្នុង០១គ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម មី០១កេស ត្រីខ ០១យួរ ប្រេងឆា ១ដបធំ ទឹកស៊ីអ៉ីវ ០២យួរ ទឹកត្រី ០២យួរ មុង ភួយ ខ្នើយ កន្ទេល អាវយឺត ម៉ាស់ អាល់កុល ក្រមា និងថវិកាចំនួន ២០ម៉ឺនរៀល៕