(ព្រះវិហារ)៖ លោក មុត ភិសិទ្ធនា អភិបាលរងខេត្តព្រះវិហារ បានថ្លែងដោយរំពឹងជឿជាក់ថា ក្នុងឆ្នាំ២០២០នេះ សហគមន៍កសិកម្មទាំងអស់នៅក្នុងខេត្ត នឹងអាចផ្គត់ផ្គង់ស្រូវសរីរាង្គលក់ជូន ក្រុមហ៊ុនតាមកិច្ចសន្យា កើនឡើងពី២៥០០០ តោនទៅ ៣០០០០តោន។

ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកតំណាងឲ្យលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិត និងផ្គត់ផ្គង់ ស្រូវសរីរាង្គ ចំនួន៦០០០តោន រវាងសហភាពសហគមន៍កសិកម្មវិហារមានជ័យ និងក្រុមហ៊ុនហ្គោលដែនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក សុក ហាច អគ្គនាយកក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងសមាជិកសហគមន៍ជាច្រើនរូបទៀត។

លោក មុត ភិសិទ្ធនា បានថ្លែងថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានសហគមន៍កសិកម្មចំនួន៣៤ ដែលមានសមាជិកជាអ្នកផលិតប្រមាណ៥០០០គ្រួសារ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គឲ្យក្រុមហ៊ុននាំចេញក្នុងបរិមាណ ២០០០០តោន។

ដោយឡែកក្នុងឆ្នាំ២០២០នេះ មានការកើនឡើងកសិករផលិត ដោយសារតម្រូវការបន្ថែមពីក្រុមហ៊ុនហ្គោលដែនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌីផ្ទាល់នោះ។ លោករំពឹងទុកថា ក្នុងឆ្នាំ២០២០នេះ យ៉ាងហោចណាស់សហគមន៍កសិកម្មទាំងអស់ក្នុងខេត្ត នឹងអាចផ្គត់ផ្គង់ស្រូវសរីរាង្គតាមកិច្ចសន្យាកើនឡើងដល់ ២៥០០០តោនទៅ ៣០០០០តោន។

ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនហ្គោលដែនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី ដែលបានបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលទិញស្រូវសរីរាង្គ ពីបណ្តាសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារក្នុងឆ្នាំ២០២០-២០២១នេះ។ លោកសូមថ្លែងអំណរគុណដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ក្នុងគោលបំណងបង្ហាញពីការធានាទីផ្សារ ស្រូវសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលនឹងផលិតបានក្នុងឆ្នាំ២០២០នេះ។

ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា បច្ចុប្បន្ននេះខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ ដែលមានការចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់។

លោកថា ក្នុងឆ្នាំ២០១៩កន្លងទៅ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណសរុប២២៤៦៥តោន ដែលមានសមាជិកចូលរួមផលិត ចំនួន៥៣៤១គ្រួសារ លើផ្ទៃដីសរុប១៤៧៦៩ហិកតា សម្រាប់លក់អោយក្រុមហ៊ុនចំនួន៣គឺក្រុមហ៊ុនអែមរុរ៉ាយស៍ ក្រុមហ៊ុន សុិកនេតឈរ័អស្វអេសា និងក្រុមហ៊ុនហ្គោលដេនរ៉ាយស៍។

លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២០នេះ មានសហគមន៍កសិកម្មចំនួន៨ នឹងចូលរួមបន្តអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុនហ្គោលដែនរ៉ាយស៍ ដោយមានសមាជិកផលិតសរុប១៦២៣គ្រួសារ លើផ្ទៃដី៤៨៦០ហិកតា នឹងធ្វើពិធីចុះកិច្ចសន្យាលើបរិមាណស្រូវសរីរាង្គចំនួន៦០០០តោន ដោយកើនបរិមាណលើសឆ្នាំ២០១៩ប្រមាណជិត២០០%។

ជាមួយគ្នានេះដែរ លោក ពឹង ទ្រីដា បានសំណូមពររួមមាន៖

*ថ្នាក់ដឹកនាំសហគមន៍កសិកម្ម ត្រូវបន្តការត្រួតពិនិត្យផ្ទៃក្នុងបន្ថែមទៀត
*សហគមន៍កសិកម្មត្រូវពង្រឹងការធ្វើផែនការផលិត ជាមួយកសិករសមាជិកអោយបានត្រឹមត្រូវ
*កសិករត្រូវគោរបតាមស្តង់ដាសរីរាង្គ អន្តរជាតិ
*បន្តប្រើប្រាស់ជីសរីរាង្គនិងដាំដំណាំគម្របដើម្បីកាត់បន្ថយការសឹករិចរិលរបស់ដី
*សហគមន៍ និងក្រុមហ៊ុនត្រូវគោរពតាមកិច្ចសន្យាដែលខ្លួនបានចុះ ដើម្បីបន្តការទុកចិត្តគ្នាបន្តទៀត៕