(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ សម្រាប់ថវិកាជាតិចំនួន ៦ ៨២០.៤៨ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤.០៧លានដុល្លារអាមេរិក) ស្មើនឹង៥៩.០៩% នៃផែនការប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨ លានដុល្លារអាមេរិក) ស្មើនឹង១២%។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ០២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៨៥.០៦ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣.៧៩ ប៊ីលានរៀល ប្រមាណ៤.៨៣% និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០.១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៥០៧.២៦ ប៊ីលានរៀល ប្រមាណ២៣,០៣%។
លោក គង់ វិបុល បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
* អនុវត្តឱ្យមានប្រសិទ្ធភាព នូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីធានាការផ្ដល់សេវាឱ្យបានល្អប្រសើរ និងការគ្រប់គ្រងចំណូលពន្ធ មានប្រសិទ្ធភាពខ្ពស់
* បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស និងជំរុញការអនុវត្តការគ្រប់គ្រង ដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ដោយផ្តល់លទ្ធភាពក្នុងការរៀបចំខ្លួន និងផ្តល់ការបណ្តុះបណ្តាលសមស្រប ដល់អ្នកជាប់ពន្ធប្រើប្រាស់ប្រព័ន្ធនេះ ឱ្យមានប្រសិទ្ធភាព និងភាពងាយស្រួល
* ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពល ដោយកំណត់ជាបំណុលអាទិភាព
* ពង្រឹងការធ្វើការសវនកម្ម ដោយពន្លឿនរយៈពេលនៃការធ្វើសវនកម្ម និងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រមូលទិន្នន័យពីគ្រប់ប្រភព និងស្ថាប័នពាក់ព័ន្ធ
* បន្តនិងខិតខំពង្រឹងការផ្តល់សេវា ជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឱ្យប្រសើរឡើង នូវវប្បធម៌ពន្ធដារ ក្នុងនោះមានការរៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយផ្សព្វផ្សាយ និងជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live), សេវាឆ្លើយតបតាមប្រពន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
* អនុវត្តការប្រមូលពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០២០
* បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ
* បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវវិធានការអន្តរាគមន៍បន្ទាន់ របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកាម្មន្តសាលទូទៅ និងវិធានការអន្តរាគមន៍នានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
* បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣។
ជាមួយគ្នានេះ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕