(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលលោកស្រីនៅតែរឹងរូសបន្តកាន់កាប់ ទីតាំងដីកម្មសិទ្ធិរបស់អ្នកដទៃ និងមិនគោរពតាមស្មារតីអង្គប្រជុំដែល លោកស្រីបានឯកភាព កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

ដើម្បីចៀសវាងការភាន់ច្រឡំដល់សាធារណមតិ រដ្ឋបាលខណ្ឌឫស្សីកែវ សូមគូសបញ្ជាក់ជូនដូចខាងក្រោម៖

១៖ ដីឡូតិ៍ដែលលោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា រំលោភកាន់កាប់ក្នុងរយៈពេលកន្លងមក គឺជាដីឡូតិ៍លេខ ៥១ ផ្លូវលេខ ១៨១២ កែងផ្លូវលេខ ១៧២៩ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលទីតាំងដីនេះមានសេចក្ដី សម្រេចលេខ ១៨៦៨ សស ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩១ របស់គណៈកម្មាធិការប្រជាជនរដ្ឋធានីភ្នំពេញ ដែលបានប្រគល់ជូនឈ្មោះ ម៉ៅ រៃ និងបានផ្ទេរទៅឱ្យឈាន នឹង សុវណ្ណារ៉ា ហើយបានផ្ទេរបន្តទៅឱ្យ ឈ្មោះ ខឹម ពុលបូរាំពេជ្រ មានបណ្ណកម្មសិទ្ធិលេខ ភព o៥៩៤៨ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០៤។

២៖ ផ្អែកតាមស្មារតីអង្គប្រជុំថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ កន្លងមក លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បានទទួលស្គាល់ និងយល់ព្រមប្រគល់ទីតាំងដីដែលមានបណ្ណកម្មសិទ្ធិឈ្មោះ៖ ខឹម ពុលបូរីពេជ្រ ជូនឯកឧត្តម ញឹក ប៊ុនឆៃ ដើម្បីដោះស្រាយជាមួយម្ចាស់ដីកម្មសិទ្ធិដើម និងស្នើសុំទុក រយៈពេល ០៨ ថ្ងៃ ដើម្បីរុនរើសម្ភារចេញពីទីតាំងនេះ។ ចំណុចនេះសរបញ្ជាក់ឱ្យឃើញថា លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា ពុំមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង និងអាស្រ័យផលលើទីតាំងដីនេះឡើយ។

៣៖ ដល់ថ្ងៃកំណត់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នេះ លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា មិនត្រឹមតែមិនអនុវត្ត តាមអ្វីដែលលោកស្រីបានឯកភាពក្នុងអង្គប្រជុំប៉ុណ្ណោះទេ ប៉ុន្តែលោកស្រី ថែមទាំងធ្វើសន្និសីទសារព័ត៌មាន ចោទប្រកាន់មកលើអាជ្ញាធរដោយគ្មានមូលដ្ឋាន ថាបំពានសិទ្ធិលោកស្រី និងក្រុមគ្រួសារទៅវិញ។

ដូច្នេះ រដ្ឋបាលខណ្ឌឫស្សីកែវ សូមអំពាវនាវដល់លោកស្រី ឆៃ ច័ន្ទរិទ្ធីសូលីដា បណ្ដាញសារព័ត៌មាន និង បណ្ដាញទំនាក់ទំនងសង្គមទាំងអស់ជួយយកខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាននេះ ទៅធ្វើការផ្សព្វផ្សាយបំភ្លឺ ជូនសាធារណៈមតិវិញ ដើម្បីធានាបាននូវភាពត្រឹមត្រូវ សុចរិតភាព និងមានតុល្យភាពនៃព័ត៌មាន។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ស្នើសុំឱ្យលោកស្រី យកឯកសារពាក់ព័ន្ធដែលខ្លួនបានអះអាង ថាជាឯកសារស្របច្បាប់នៅ ទៅពិនិត្យផ្ទៀងផ្ទាត់ជាមួយមន្ត្រីជំនាញ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ហើយក្រោយការផ្ទៀងផ្ទាត់ រដ្ឋបាលខណ្ឌឫស្សីកែវ នឹងធ្វើការបង្ហាញលទ្ធផលជូនដល់សាធារណជន៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋបាលខណ្ឌឫស្សីកែវ៖