(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ៣ចំណុច ដល់អភិបាលរាជធានីខេត្ត ដើម្បីធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ១៩។
ក្នុងលិខិតផ្ញើទៅកាន់អភិបាលរាជធានីខេត្ត សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងគោលបំណងផ្តល់នូវកិច្ចគាំពារ ដើម្បីរក្សាលំនឹង ជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌ (ក្រកម្រិត១ ឬក្រកម្រិត២) ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់។ បន្ទាប់ពីការអនុវត្តកម្មវិធីនេះ រយៈពេលខ្លីកន្លងមក ភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងដូចជា ការយកកម្រៃសេវាពីប្រជាពលរដ្ឋ ដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ និងការឃុបឃិតបន្លំដកយកថវិកាប្រជាពលរដ្ឋអ្នកទទួលផល។ ដូច្នេះដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់នេះ រដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម ៖
* ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធី នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩
* ត្រូវអនុវត្តជាដាច់ខាតនូវបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវចៀសវាងដាច់ខាតនូវការឃុបឃិត ដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ មិត្តភក្តិខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ និងជនងាយរងគ្រោះពិតប្រាកដឱ្យទទួលបាននូវប្រាក់ឧបត្ថម្ភ មិនត្រូវគិតកម្រៃសេវា ពីប្រជាពលរដ្ឋ និងមិនត្រូវដកថវិកាសម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្នុងកម្មវិធីនេះ ដោយមូលហេតុណាមួយជាដាច់ខាត
* រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់ រដ្ឋបាលឃុំ សង្កាត់ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះរដ្ឋបាលរាជធានី ខេត្តត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីណាមួយ ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ៕
ខាងក្រោមនេះជាលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖