(ភ្នំពេញ)៖ រឿងរ៉ាវក្តីក្តាំគ្នារវាងលោក ខាំបែល ភីថឺ ម៉ាក (Cambell Peter Mark) និងមិត្តស្រីឈ្មោះ ត្រា ចាន់ស្រីលីន រហូតរាលដាលដល់ប្តឹងមេធាវីមួយរូបផងនោះ ត្រូវបានបញ្ចប់ជាស្ថាពរហើយតាមការដោះស្រាយឈរលើគោលការណ៍ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ក្រោមការសម្របសម្រួលផ្សះផ្សាប្រកបដោយភាពប៉ិនប្រសព្វរបស់ លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ កក្កដា ២០២០កន្លងមកនេះ។
លោក Peter អាយុ៦៤ឆ្នាំ ជនជាតិអូស្ត្រាលី (Australian) កាន់លិខិតឆ្លងដែនលេខ PE0416761 ចុះថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០០៧ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅឆ្នាំ ២០១៨ លោក Peter បានមករស់នៅប្រទេសកម្ពុជានឹងបានស្គាល់គ្នាជាមួយឈ្មោះ ត្រា ចាន់ស្រីលីន អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋាននៅ ភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ អ្នកទាំងពីរបានរស់នៅជាមួយគ្នាក្នុងខេត្តកំពតចាប់តាំងពីឆ្នាំ ២០១៨ បានមួយរយៈពេលខ្លី។
ដោយមានជំនឿទុកចិត្តលើមិត្តស្រី លោក Peter បានចំណាយទុនជាច្រើនគួរសមទិញដី២កន្លែងតម្លៃ $52 ម៉ឺនដុល្លារ ជាប់មាត់ព្រែកបើកអាជីវកម្មរីសតផ្ទះបឹងកាឡូ និងទូកកម្សាន្តទេសចរណ៍ឈ្មោះលីនមនោរម្យ តម្លៃ ជាង $7ម៉ឺនដុល្លារ។ ដោយសារ លោក Peter ពុំអាចឈរឈ្មោះជាម្ចាស់អចលនទ្រព្យបាន គាត់ក៏បានដាក់អចលនទ្រព្យរបស់គាត់ទាំងអស់ស្ថិតនៅក្រោមឈ្មោះមិត្តស្រី ត្រា ចាន់ស្រីលីន ជាកម្មសិទ្ធករ។
នៅចុងឆ្នាំ ២០១៩ ដោយរស់នៅមិនចុះសម្រុងនឹងគ្នា អ្នកទាំងពីរក៏ចាប់ផ្តើមប្តឹងផ្តល់គ្នារហូតទៅដល់បួនករណីទៅកាន់សាលាដំបូងខេត្តកំពត តែពុំទាន់បានទទួលដំណោះស្រាយជាស្ថាពរនៅឡើយ។
ដោយមានក្តីបារម្ភយ៉ាងខ្លាំងទៅលើទ្រព្យសម្បត្តិរបស់លោកដែលកំពុងស្ថិតនៅក្រោមឈ្មោះ ត្រា ចាន់ស្រីលីន លោក Peter ក៏បានដាក់ពាក្យសុំអន្តាគមន៍មកកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីសុំជួយរកយុត្តិធម៌។
ដោយទទួលបានការអនុញ្ញាត្តិដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី លោក ដួង តារា បានអញ្ជើញគូរវិវាទទាំងពីរមកធ្វើការសម្របសម្រួលផ្សះផ្សាគ្នាតាមគោលការណ៍ឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ រហូតទទួលបានជោគជ័យនៅរសៀលថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២០ ដោយគូរភាគីទាំងពីរបានយល់ព្រមទទួលយកដំណោះស្រាយផ្សះផ្សាតាមគោលការណ៍ឈ្នះឈ្នះ ដែលគូរភាគីពេញចិត្តចំពោះលទ្ធផលដែលទទួលបានទោះបីមិនបាន១០០% ក៏ដោយ។
ទាំងលោក Cambell Peter Mark និង លោកស្រី ត្រា ចាន់ស្រីលីន បានសម្តែងនូវការពេញចិត្តជាមួយនឹងសេចក្តីត្រេកអរយ៉ាងខ្លាំងចំពោះលទ្ធផលដែលទទួលបានពីការផ្សះផ្សាសម្រុះសម្រួល គឺភាគីទាំងពីរបានយល់ព្រមលក់ដីរ២កន្លែងដែលមានទីតាំងខាងលើ ហើយប្រគល់ប្រាក់ដើមចំនួន $52ម៉ឺនដុល្លារត្រឡប់មកអោយ លោក Peter វិញ។ ចំពោះប្រាក់ចំណេញគឺនឹងបែងចែកគ្នាជាពីរចំណែកស្មើគ្នា។ ទន្ទឹមនឹងនោះដែរ លោក Peter បានយល់ព្រមប្រគល់ទូកទេសចរណ៍ “ស្រីលីនមនោរម្យ” អោយទៅ ត្រា ចាន់ស្រីលីន ដើម្បីមានមុខរបរចិញ្ចឹមជីវិត។ រីឯបំណុលជាប់ធនាគារ $11ម៉ឺនដុល្លារដែល ត្រា ចាន់ស្រីលីន បានខ្ចីពីធនាគារថាយកមកជួសជុលលំអរផ្ទះបឹងកាឡូ គឺភាគីទាំងពីរត្រូវទទួលខុសត្រូវសងធនាគារម្នាក់ពាក់កណ្តាល គឺ៥០%ម្នាក់ ក្រោយពីលក់ដីទាំងពីរកន្លែងខាងលើរួចហើយ។
លោក Cambell Peter Mark បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់ជួយដោះស្រាយផ្តល់យុត្តិធម៍ជូនលោកជាជនជាតិបរទេស។ លោក Peter ស្រលាញ់ពេញចិត្តការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល ដែលបានធ្វើអោយលោកមានជំនឿយ៉ាងកក់ក្តៅបំផុតក្នុងពេលមកធ្វើជំនួញនឹងរស់នៅទីនេះ។ ថ្មីៗនេះ លោក Peter បានសម្រេចចិត្តប្រមូលទ្រព្យធន នឹងលុយកាក់ទាំងអស់ពីស្រុកកំណើតនៅប្រទេសអូស្រ្តាលី មកវិនិយោគ និងបន្តជីវិតរស់នៅចុងក្រោយក្នុងប្រទេសកម្ពុជា ដោយជឿជាក់ថាកម្ពុជាជាប្រទេសមានសុវត្ថិភាព សន្តិសុខ និងងាយស្រួលក្នុងការរកស៊ី។ លោក Peter បានបញ្ចាក់ថា “បញ្ហាដែលខ្ញុំបានជួបថ្ងៃនេះគឺក្លាយជាលាភធំសម្រាប់ខ្ញុំ ហើយបានអោយខ្ញុំឃើញដោយផ្ទាល់ភ្នែកយ៉ាងច្បាស់ថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពិតជាមានសុខសុវត្ថិភាព មានការអភិវឌ្ឍន៍ និងមានភាពសុខសាន្តសម្រាប់ការរស់នៅ នឹងវិនិយោគពិតប្រាកដ។ ទន្ទឹមនឹងនោះដែរ លោក Peter បានអំពាវនាវអោយអ្នកវិនិយោគគិនបរទេសមានជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយសូមអញ្ជើញមកវិនិយោគនៅប្រទេសកម្ពុជាអោយកាន់តែច្រើនឡើង"។
ពិតប្រាកដណាស់ សម្តេចតេជោ ហ៊ុន សែន លោកតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសវិនិយោគគិនបរទេស អ្នកទេសចរ និងជនបរទេសដែលមករស់នៅសម្រាប់ជីវិតចុងក្រោយរបស់ពួកគាត់ក្នុងប្រទេសកម្ពុជា។
លោក ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្តេចប្រមុខដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាសឲ្យលោកបានចូលរួមជួយដោះស្រាយវិវាទនិងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់ ជនបរទេស និងអ្នកវិនិយោគគិន តាមរយៈសម្របសម្រួលផ្សះផ្សាឈរលើគោលនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ។ ជានិច្ចជាកាល គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តី កម្ពុជា តែងតែយកចិត្តទុកដាក់គិតគូដោះស្រាយសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយមិនដែលត្អូញត្អែរពីការនឿយហត់បន្តិចណាឡើយ គឺដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ៕