(ភ្នំពេញ)៖ ធនាគារអេស៊ីលីដា របស់កម្ពុជា បានប្រកាសថាខ្លួន បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាន រយៈពេលវែង ដែលមានទំហំទឹកប្រាក់ រហូតដល់១៣០លានដុល្លារអាមេរិក ពីធនាគារ CHINA DEVELOPMENT BANK (CDB) ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០នេះ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការធ្វើពិពិធកម្មនៃប្រភពទុន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រយុទ្ធសាស្រ្តរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ។ ធនាគារ ជាក្រុមហ៊ុនបោះផ្សាយមួយ ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្រ ដើម្បីពង្រឹងដើមទុន ចំណែកឯប្រាក់បញ្ញើសន្សំ ដែលបានមកពីប្រាក់បញ្ញើទីផ្សារហិរញ្ញវត្ថុ សម្រាប់តម្រូវការដើមទុនរយៈពេលខ្លី រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័ន អន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ។
លោកបន្តថា «ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០ ០០០ ០០០ ដុល្លារអាមេរិកពីធនាគារ CDB នេះ ធនាគាររំពឹងថានឹងផ្តល់ឥណទានថ្មី ដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ចំនួន៥០០០ សហគ្រាសបន្ថែមទៀត»។
លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) បានថ្លែងថា នេះគឺជាលើកទី២ហើយ ដែលធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំ ដែលគាំទ្រការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា។ CDB មានការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាកាន់តែច្រើន ក្នុងការទប់ទល់នឹងស្ថានភាព នៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញ និងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។
លោកថា «CDB មានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែមទៀត ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងការអភិវឌ្ឍន៍ដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា»។
សូមជម្រាបថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥.០១ទ្រីលានរៀល (ឬ៦.១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦.២២ ទ្រីលានរៀល (ឬ ៣.៩៩ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧.៦៩ ទ្រីលានរៀល (ឬ ៤.៣៥ ប៊ីលានដុល្លារអាមេរិក)៕