(ព្រៃវែង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចតែងតែនិយាយលេងសើចប៉ប៉ាច់ប៉ប៉ោច និងនៅជាមួយប្រជាពលរដ្ឋអស់ពេលជាង ៤០ឆ្នាំមកហើយ ជាពិសេសនោះសម្តេចអត់មានសញ្ជាតិបរទេស ដែលធ្វើឲ្យសម្តេចមិនដែលរត់ទៅណាចោលពលរដ្ឋនោះទេ ទោះបីជាលំបាក ឬស្រួលក៏ដោយ គឺនៅជាមួយពលរដ្ឋជានិច្ច។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងទៅជាមួយគ្នាជាង ៤០ឆ្នាំហើយ។ ហើយយើងតែងតែប៉ប៉ាច់ប៉ប៉ោចតែអញ្ចឹងជាមួយគ្នា។ ឲ្យខ្ញុំទៅណា? ខ្ញុំអត់មានសញ្ជាតិបរទេសផង។ ខ្ញុំអត់ដែលទៅចោលប្រជាពលរដ្ឋខ្មែរផង។ លំបាកក៏នៅទីហ្នឹង! ស្រួលក៏នៅទីហ្នឹងដែរ»។
គួរកត់សម្គាល់ថា ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហាក់បីដូចជាចង់ក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ក្នុងនាមជាអ្នកកាច់ចង្កូតនាវាកម្ពុជាមួយនេះ ជាអ្នកស្នេហាជាតិពិតប្រាកដ ផ្ទុយពីក្រុមពួកប្រឆាំងមួយចំនួន ដែលតែងតែនិយាយថាស្នេហាជាតិ ប៉ុន្តែពេលមានបញ្ហាតែងតែរត់ចោលស្រុក និងចោលប្រជាជនជានិច្ច។
ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅខេត្តព្រៃវែងនេះ សម្តេចក៏បានអះអាងច្បាស់ៗថា ជំងឺកូវីដ១៩ អាចបំផ្លាញពលរដ្ឋកម្ពុជា តែមិនអាចធ្វើឲ្យពលរដ្ឋកម្ពុជាដាច់បាយបាននោះឡើយ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍នានា មិនឲ្យខ្វះចន្លោះឡើយ។
លើសពីនេះទៅទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ថែមទាំងបានដៀមដាមឱ្យអ្នកនយោបាយរត់ចោលស្រុកមួយរូប ដែលមិនស្គាល់ពីការហៅខ្នុរ ដោយហៅក្តឹបខ្នុរ ថាជាកូនខ្នុរទៅវិញនោះ មិនស័ក្តិសមធ្វើជាមេដឹកនាំប្រទេសនោះទេ៕