(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចំពោះលើកឡើងរបស់ លោក រ័ត្ន សុធី សមាជិកក្រុមប្រឆាំងនៅខេត្តបន្ទាយមានជ័យ ដែលបំផុសថា កម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភដល់ជនក្រីក្រ និងងាយរងគ្រោះ ដោយផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ១៩ ក្នុង១ខែចំនួន២៥លានដុល្លាររបស់រាជរដ្ឋាភិបាល ជាជំនួយរបស់សហគមន៍អឺរ៉ុប។
ថ្លែងក្នុងពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាល ហ៊ុន សែន អត់ទាន់ដួលរំលំទេ សូមផ្តាំទៅអ្នកថាមានអាមួយនោះ សូមផ្តាំទៅ រ័ត្ន សុធី នៅខាងបន្ទាយមានជ័យ រ័ត្ន សុធី ឯងបាននិយាយថា “ផ្តល់លុយឱ្យទៅប្រជាពលរដ្ឋដោយជំនួយរបស់សហគមន៍អឺរ៉ុប” ខ្ញុំប្រាប់ទៅលោកសុធីឯង សំណាងហើយដែលខ្ញុំមិនបញ្ជាឱ្យចាប់»។
សម្តេចបានបន្តថា៖ «បើថ្ងៃនោះខ្ញុំបញ្ជាឱ្យចាប់ ពេលនេះលោកសុធីឯងនៅក្នុងគុកដែលថា ខ្ញុំយកលុយពីអឺរ៉ុបទៅបើកឱ្យប្រជាពលរដ្ឋ១ខែ២៥លានដុល្លារនេះ ឈ្មោះ រ័ត្ន សុធី លោកឯងនៅកន្លែងណា? លោកឯងនិយាយយ៉ាងម៉េច? លោកឯងចាំខ្លួនឯងទៅ ខ្ញុំផ្តាំទៅលោកឯងតែប៉ុណ្ណឹងទេ ហ៊ុនសែន អត់ទាន់ប្រើប្រាស់លុយបរទេស១សេនណា ទៅលើបញ្ហាការដោះស្រាយបញ្ហាសង្គមរបស់ប្រជាពលរដ្ឋកម្ពុជាទេ»។
សម្តេចបានបន្តទៀតថា «លោក រ័ត្ន សុធី ឯងត្រូវចាំ ហើយផ្តាំនៅពួកប្រឆាំង១ប្រទេស ហ្អែងមើលមុខអញឲ្យច្បាស់ អញនិយាយនៅខ្លាំងប៉ុណ្ណឹងច្បាស់ណាស់ថា កម្លាំងអញគ្រប់គ្រាន់ និងទប់ទល់នឹងសភាពការណ៍នេះ»។
សម្តេចបានបញ្ជាក់ទៀតថា៖ «១សេន ក៏អត់ទាន់ប្រើលុយបរទេសណា ដើម្បីត្រួតត្រាកូវីដ មន្រ្តីរាជការមិនត្រឹមតែមិនកាត់ប្រាក់ខែទេ គឺបើកប្រាក់ខែទៀងទាត់ កម្ពុជាអត់ទាន់ខ្វះសាច់ប្រាក់ទេ ហើយការបើកប្រាក់ខែនេះ ក៏មិនទាន់យកប្រាក់សល់ជាង៣ពាន់លានដុល្លារដែរ ចំណូលយើងទោះបីជាធ្លាក់ចុះ ក៏នៅជាង៤០០លានដុល្លារក្នុង១ខែដែរ ហើយប្រាក់ខែតែជាង២០០លានដុល្លារទេ»។
សូមបញ្ជាក់ថា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលក្រីក្រ និងងាយរងគ្រោះដែលបណ្តាលមកពីផលប៉ះពាល់ដោយជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកា២៥លានដុល្លារ ក្នុង១ខែ ដើម្បីបើកសាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ។ ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕