(ព្រះសីហនុ)៖ យានដ្ឋានជួសជុលទូក និងដំឡើងទូក (អ៊ូរទូក) មួយកន្លែង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានកើតឡើងតាំងពីឆ្នាំ១៩៨៤។ ប្រជានេសាទសមុទ្រនៅស្រុកស្ទឹងហាវ បច្ចុប្បន្នកំពុងចង់ឃើញយានដ្ឋានជួសជុល និងតំឡើងទូក ឬអ៊ូរទូក មានលក្ខណៈស្តង់ដារបច្ចេកទេសដោយមិនបាច់ឱ្យពួកគាត់យកទូកទៅជួសជុលនៅឯក្រៅប្រទេស ដែលចំណាយថវិកា និងពេលវេលាច្រើននោះឡើយ។
លោក អ៊ុង ឆាលី អភិបាលរងស្រុកស្ទឹងហាវ បានអះអាងកាលពីថ្ងៃទី១៣ ខែកក្កដាថា ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោកភាគច្រើនជាអ្នកនេសាទសមុទ្រ ដូច្នេះពួកគាត់ត្រូវប្រើប្រាស់ទូក មានតូច មានធំ ដើម្បីធ្វើនេសាទចិញ្ចឹមជីវិត។ កំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ បានរីកចម្រើនដូចសព្វថ្ងៃ ព្រោះតែពឹងផ្អែកលើការនេសាទ ដូច្នេះហើយប្រជានេសាទត្រូវការជាចាំបាច់ ឲ្យមានយានដ្ឋានជួសជុល និងដំឡើងទូកនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយមិនចាំបាច់ត្រូវជួសជុលនៅទីឆ្ងាយនោះឡើយ ឬត្រូវឆ្លងទៅប្រទេសជិតខាង។
លោកអភិបាលរងស្រុក បានបន្ថែមថា អ៊ូរទូកនៅស្ទឹងហាវនេះ ក្រៅពីជួយប្រជានេសាទនៅក្នុងសហគមន៍ឲ្យមានការងារធ្វើ ដែលមានចំណូលខ្ពស់ ប្រជាពលរដ្ឋអ្នកនេសាទងាយស្រួល ក្នុងការជួសជុលទូកដោយមិនចាំបាច់ឆ្លងទៅប្រទេសជិតខាង ដែលមានហានិភ័យខ្ពស់នោះឡើយ។ ការចំណាយពេលវេលា និងប្រាក់កាសជួសជុលនៅក្រៅប្រទេសមានផលលំបាកជាច្រើន។ ដូច្នេះអ្នកនេសាទភាគច្រើនលើសលប់នៅតំបន់មាត់សមុទ្រចង់ឃើញយានដ្ឋានជួសជុល និងដំឡើងទូកនៅស្រុកស្ទឹងហាវ មានលក្ខណៈស្តង់ដាពោល គឺអាចជួសជុលបានទាំងទូកតូចនិងធំ។
លោក ព្រហ្ម ប៊ន មេការជួសជុលទូកនៅស្ទឹងហាវ ដែលមានបទពិសោធន៍ក្នុងការជួសជុលទូកជាយូរឆ្នាំមកហើយនោះ បាននិយាយថា យានដ្ឋានជួសជុលទូកស្ទឹងហាវនេះ ទើបតែមានលក្ខណៈស្តង់ដារក្នុងរយៈពេល៧ទៅ៨ខែនេះ ពោលគឺគេអាចទទួលជួសជុលទូកដែលមានចំណុះរហូតដល់ជាង២០០០តោន។ មេការរូបនេះ បន្ថែមថា នៅទីនេះអាចជួសជុលបានទូកគ្រប់ប្រភេទ ប៉ុន្តែត្រូវធ្វើយ៉ាងណាឲ្យទូកទាំងនោះ ឡើងគោកបាន។ ប្រការនេះត្រូវធ្វើយានដ្ឋានឱ្យមានលក្ខណៈស្តង់ដាទៅតាមទំហំទូក ពោលគឺត្រូវមានជម្រៅទឹកជ្រៅទើបអាចឪ្យទូកធំៗចូលមកយានដ្ឋានបាន។
លោក អ៊ុ ដេន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្ទឹងហាវ បានថ្លែងថា ប្រជាពលរដ្ឋអ្នកនេសាទជួបការលំបាកនៅពេលទូកខូចម្តងៗ ត្រូវយកទៅជួសជុលនៅប្រទេសជិតខាង ប៉ុន្តែឥឡូវនេះយើងមានកន្លែងជួសជុលនៅក្នុងមូលដ្ឋានស្រាប់ ដូច្នេះមិនចាំបាច់ចំណាយពេលវេលាធនធានឆ្លងដែនទៅជួសជុលទូកនៅឯប្រទេសជិតខាងឡើយ។
យានដ្ឋានជួសជុលទូកនៅស្ទឹងហាវសព្វថ្ងៃនេះអាចឡើងទូកបានដែលមានចំណុះរហូតដល់ ២០០០តោន។ លោកអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរាជរដ្ឋាភិបាល ជួយគាំទ្រឲ្យយានដ្ឋានជួសជុល និងដំឡើងទូកនៅស្រុកស្ទឹងហាវសព្វថ្ងៃនេះ ក្លាយជាកន្លែងជួសជុលទូកដឹកជញ្ជូន និងទូកនេសាទៅតាមស្តង់ដារ។
កម្មករជួសជុលទូកពូកគាត់រីករាយ ក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនព្រោះមានចំណូលគួរសម។ ពួកគេនិយាយថា ក្នុងមួយថ្ងៃពួកគេអាចរកចំណូលបានយ៉ាងហោចណាស់ ៦ម៉ឺនរៀល សម្រាប់យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះបើមានទូកច្រើនគ្រឿងចូលមកជួសជុលមានន័យថា ជីវភាពរស់នៅប្រចាំគ្រួសាររបស់ពួកគេម្នាក់ៗក៏ប្រសើរឡើងដែរ។ និយាយរួមទៅ អ៊ូរទូកស្ទឹងហាវបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ បានយ៉ាងច្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ថ្មីៗកន្លងទៅនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីអំពីវឌ្ឍនភាព និងទិសដៅការងាររបស់ខេត្ត។ លោកថា អ៊ូរទូកនៅស្ទឹងហាវនោះបានកើតឡើងជាយូរណាស់មកហើយ ដូច្នេះលោកត្រូវសិក្សាឲ្យបានច្បាស់លាស់មិនមែនចេះតែធ្វើអ្វីតាមតែការលើកឡើងរបស់មជ្ឈដ្ឋានខាងក្រៅទេ។ ក្រោយមកលោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យអភិបាលរងខេត្តមួយរូប ចុះពិនិត្យវាយតម្លៃនៅអ៊ូរស្ទឹងហាវរួចមកហើយ ឃើញថា អាចដំណើរការបាន។
អ៊ូរទូកស្ទឹងហាវកាលពីអតីតកាល បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ពោលគឺគណបក្សប្រជាជនកម្ពុជាតាំងពីទសវត្សរ៍ទី៨០ ក្នុងការជួយជួសជុលនាវាកងទ័ពជើងទឹកធុនតូចជាច្រើនគ្រឿង។ ប៉ុន្តែបច្ចុប្បន្ននេះកងទ័ពជើងទឹកកម្ពុជាយើងមានទីកន្លែងសម្រាប់ជួសជុលនាវារបស់ខ្លួនហើយ។
ទាំងប្រជាពលរដ្ឋ ប្រជានេសាទក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកស្ទឹងហាវបានយល់ឃើញថា យានដ្ឋានជួសជុល និងដំឡើងទូកនៅក្នុងមូលដ្ឋានរបស់ខ្លួនជាដង្ហើមសេដ្ឋកិច្ច សម្រាប់អ្នកនេសាទសមុទ្រ។ ដូច្នេះអាជ្ញាធរ និងរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ គូររៀបចំយានដ្ឋានមួយនេះឱ្យស្របតាមស្តង់ដារដែលអាចឱ្យទូកអ្នកនេសាទ និងទូកដឹកទំនិញគ្រប់ប្រភេទចូលមកជួសជុលបានដោយស្រួល៕