(ភ្នំពេញ)៖ លោក ស៊ឹម ប៊ុនសុង ត្រូវជាប្តីស្រ្តីឈ្មោះ ខេង អូន ដែលត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា រំលោភសេចក្តីទុកចិត្ត រឿងដីធ្លី១១ហិកតា នៅខេត្តត្បូងឃ្មុំនោះ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើប្រពន្ធរបស់ខ្លួន និងបានធ្វើការបំភ្លឺដោយភ្ជាប់ជាមួយនឹងឯកសារមួយចំនួន។

ស្ត្រីឈ្មោះ ខេង អូន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណី «រំលោភលើទំនុកចិត្ត» នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ ក្រោយមានពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ដែលអះអាងថា ជាអ្នកចូលហ៊ុនទិញដីជាមួយឈ្មោះ ខេង អូន ចំនួន២កន្លែង ទំហំសរុប១១ហិកតា ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ពាក់ព័ន្ធនឹងករណីនេះ លោក ស៊ឹម ប៊ុនសុង ដែលស្វាមីរបស់លោកស្រី ខេង អូន បានអះអាងក្នុងសេចក្តីបំភ្លឺថា ឈ្មោះ ហ៊ុន ប៊ុនសិទ្ធ គ្រាន់តែជាអ្នកនាំប្រពន្ធខ្លួន ទៅទិញដីខាងលើនោះ ដើម្បីបានកម្រៃជើងសារប៉ុណ្ណោះ ហើយឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ក៏បានធ្វើជាសាក្សីផ្តិតមេដៃនៅក្នុងដំណើរការទិញលក់នោះទៅទៀតដូចមាន ភ្ជាប់ជាមួយឯកសារភស្តុតាង។ លោកអះអាងទៀតថា ហើយការលើកឡើងរបស់ ឈ្មោះ ហ៊ុន ប៊ុនសិទ្ធ ដែលថា ឈ្មោះ ខេង អូន លួចធ្វើប្លង់តែម្នាក់ឯងនៅឆ្នាំ២០១៩ រឹតតែខុសទៅទៀត ព្រោះថា ដីនេះបានផ្ទេរកម្មសិទ្ធិពីម្ចាស់ដើម មកឈ្មោះលោក និងប្រពន្ធលោកជាប្រភេទប្លង់រឹងតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

សូមអានសេចក្តីបំភ្លឺទាំងស្រុងដូចខាងក្រោម៖