(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានស្នើ ដល់ប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្តអ្នកស្តាប់ និងបានទស្សនាបទចម្រៀង មានចំណងជើងថា «អ្នកព្រៃវែងខុសត្រង់ណា?» សូមកុំយកទោសពៃរ៍ ឬប្រកាន់ខឹងអ្នកនិពន្ធបទនេះអី ធ្វើដូចម្ដេចបើគ្នា មិនបានគិតដិតដល់ និងបានជាជ្រុលជ្រួសទៅហើយ។ តែយ៉ាងណា ក៏អ្នកនិពន្ធដឹកនាំសម្ដែង និងអ្នកចម្រៀងបានសុំទោសរួចទៅហើយដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ គឺក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី ក៏ដូចជាសំណេះសំណាលជាមួយ ប្រជាកសិករ នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ព្រៃវែងថ្ងៃមុនត្រូវបានគេបង្អាប់..! ឥឡូវអ្នកហ្នុងគ្នាបានជាជ្រុលជ្រួសហើយ..អត់ទោសឲ្យគ្នាទៅ...! អត់ទោសឲ្យគ្នាទៅ..! បង្អាប់អ្នកព្រៃវែង ធ្វើអី...! ពូជអ្នកព្រៃវែងអញមិនឲ្យកូន (សើច...) ប៉ុន្តែកុំភ្លេចណា! ព្រៃវែងជាស្រុកកំណើត នេនទុំ គឺជាស្រុកកំណើតប្រុសស្អាត ទើបទៅយកនាងទាវនៅត្បូងឃ្មុំបាន...កុំលេង..! ប្រយ័ត្នត្រូវស្នេហ៍អ្នកព្រៃវែង ត្រូវស្នេហ៍នេនទុំ.. ! ប៉ុន្តែប្រហែលជាគ្នាមិនបានគិត ប៉ុន្តែគ្នាក៏បានសុំទោសសុំពៃរ៍ហើយដែរ..!»។
យ៉ាងណាមិញងាកមក លោក សយ រតនា ដែលជាអ្នកនិពន្ធបទ «អ្នកព្រៃវែងខុសត្រង់ណា?» បានសម្តែងក្តីសប្បាយរីករាយជាពន់ពេក នៅពេលដែលបានឮ សម្តេចតេជោ មានប្រសាសន៍ចាប់អារម្មណ៍ ទាក់ទងនឹងស្នាដៃចម្រៀងរបស់លោក។
ថ្លែងប្រាប់ Fresh News Plus លោក សយ រតនា បាននិយាយថា «និយាយទៅខ្ញុំពិតជាសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលបទខ្លួនឯងធ្វើទៅបានសម្តេចពុក គាត់បានស្តាប់។ ព្រឹកមិញមានគេផ្ញើឲ្យដែរ កន្លែងដែលលោកពុកមានប្រសាសន៍ និយាយទៅពេលឮបែបហ្នឹង ខ្ញុំសប្បាយណាស់»។
លោក សយ រតនា បន្តថា «ក្រៅពីពាក្យថាសប្បាយចិត្ត ខ្ញុំគ្មានអ្វីផ្សេងក្រៅពីជូនពរឲ្យ សម្តេចពុកមានសុខភាពល្អ និងបន្តដឹកនាំប្រទេសទៅមុខទៀត ឲ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើង»។
ជាការកត់សម្គាល់ លោក សយ រតនា កន្លងទៅធ្លាប់បានប្រាប់មហាជនហើយ ពីគោលបំណងនៃការតែងនិពន្ធបទ «អ្នកព្រៃវែងខុសត្រង់ណា? នេះឡើងគឺដើម្បី លុបបំបាត់នូវរាល់ការរើសអើងទាំងអស់ ដែលមនុស្សមួយចំនួននិយាយមើលងាយ ចំពោះអ្នកខេត្តព្រៃវែង ព្រោះលោកក៏មានដើមកំណើតនៅខេត្តព្រៃវែងដែរ៕