(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដោយស្មោះចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលខិតខំព្យាយាមជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូប្តូរផ្តាច់ ការពារខឿនសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ជាពិសេសបានប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមនៅលើសកលលោក។
ការកោតសរសើរ និងលើកទឹកចិត្តរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងពិធីប្រារព្ធខួបលើកទី២៧ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រី តំណាងក្រសួងស្ថាប័ន ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្ត យ៉ាងច្រើនផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កងរាជអាវុធហត្ថ និងបន្តអនុវត្តតួនាទី ភារកិច្ចឱ្យបានកាត់តែល្អប្រសើរថែមទៀត តាមរយៈការពង្រឹង និងពង្រីកសមត្ថភាពលើគ្រប់វិស័យ ក្នុងបេសកកម្មរបស់ខ្លួន ប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍជូនជាតិមាតុភូមិកម្ពុជា។
ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានឱ្យដឹងថា ការរៀបចំប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធហត្ថ បានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គរាប់មិនអស់ នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុត ក្នុងការចូលរួមធ្វើឱ្យប្រទេសជាតិ និងប្រជាជនទទួួលបានសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ក្នុងកំលុង២៧ឆ្នាំមកនេះ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ បានខិតខំប្រឹងប្រឹងដោយមិនខ្លាចនឿយហត់ មិនគិតយប់ថ្ងៃ លះបង់ពេលវេលាផ្ទាល់ខ្លួន មិនបានឈប់សម្រាក និងជួបជុំគ្រួសារ ដើម្បីការពារសេចក្តីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងការគោរពសិទ្ធិមនុស្ស គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមគោលនយោបាយ កម្មវិធី ផែនការ និងយុទ្ធសាស្ត្រនានារបស់ រាជរដ្ឋាភិបាល ធ្វើឱ្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងប្រទេស រក្សាបានល្អប្រសើរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កងរាជអាវុធហត្ថ សហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិដូចជា៖ ការកាប់ព្រៃឈើ ការដឹកឈើនាំចេញខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ ការរុករករ៉ែខុសច្បាប់ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស។ល។ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ តាមរយៈជួយសង្គ្រោះគ្រោះមហន្តរាយ ព្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ និងករណីផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាពទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល និងធ្វើឱ្យប្រជាជនមានជំនឿទុកចិត្ត ចំពោះនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលទៀតផង។
រដ្ឋមន្ត្រីការពារជាតិ បានឱ្យដឹងថា រហូតមកដល់ពេលនេះ កងរាជអាវុធហត្ថបានកែប្រែមុខមាត់ថ្មី តាមរយៈកំណែទម្រង់ស៊ីជម្រៅនូវរចនាសម្ព័ន្ធ ពង្រឹងតួនាទីភារកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងសមត្ថភាព ក៏ដូចជាការកែប្រែឥរិយាបថ បត់បែនការងារដ៏ឈ្លាសវៃ តាមស្ថានភាពប្រទេសជាតិវិវឌ្ឍថ្មីៗ និងបានប្រែក្លាយជាស្ថាប័នគំរូមួយក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងគុណធម៌ ជាអ្នកប្រើប្រជាពលរដ្ឋ៕