(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ការិយាល័យច្រកចេញចូលតែមួយ គឺជាទីតាំងប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលនៅកន្លែងតែមួយ ដើម្បីបង្កភាពងាយស្រួលបំផុតដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវានានា ដោយមិនចាំបាច់ត្រូវស្វែងរកសេវានៅច្រើនកន្លែង ដែលនាំឲ្យខាតបង់នូវពេលវេលា និងធនធាន។
លោក ម៉ែន វិបុល បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលលោកអញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យ ច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុករមាសហែក។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីជាអភិបាលរងខេត្ត លោក អភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ-អង្គភាព និងមន្ត្រីរាជការចំណុះសាលាស្រុក មេឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ឃុំ កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋ សរុបវត្តមាន១៤៤នាក់។
លោក ម៉ែន វិបុល បានសម្ដែងនូវការអរគុណចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំចូលរួមចំណែកនៅក្នុងការ ជួយគាំទ្រ សហការ និងសម្របសម្រួល ជាពិសេសលើផ្នែកបច្ចេកទេសនាំឲ្យសម្រេចបាននូវសមិទ្ធផលដ៏ថ្មីស្រឡាងនៅថ្ងៃនេះ ដែលពិតជាបានបង្ហាញឲ្យឃើញ ពីការខិតខំយកចិត្តទុកដាក់ និងសុឆន្ទៈដ៏មោះមុតគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ ក្នុងការបង្ខិតសេវាឲ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកក៏បានបញ្ជាក់ថា ការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ គឺមានទិសដៅដើម្បីលើកកម្ពស់ការផ្ដល់សេវាមួយចំនួន ដែលប្រជាពលរដ្ឋចាំបាច់ និងជាប្រចាំ ហើយដែលការផ្ដល់សេវាទាំងនោះអាចអនុវត្តដោយប្រសិទ្ធភាព ដោយរដ្ឋបាលស្រុក សំដៅធ្វើឲ្យប្រជាពលរដ្ឋទទួលបាន សេវាកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។
លោកអភិបាលខេត្ត ក៏បានថ្លែងផ្ដាំផ្ញើដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សាមញ្ញ រួសរាយរាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងអនុវត្តតួនាទីភាកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវដើម្បីធានាឲ្យការ ផ្តល់សេវាដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍ បែបបទនិងនីតិវិធីដែលបានកំណត់។
ទន្ទឹមនេះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុករមាសហែក ចាប់ពីពេលនេះតទៅសូមអញ្ជើញមកទទួលសេវានៅការិយាល័យច្រកចេញ ចូល តែមួយស្រុក ដើម្បីរួមចំណែកក្នុងការកៀរគរការប្រមូលចំណូលចូលថវិកាជាតិ ក៏ដូចជាលុបបំបាត់ការយកកម្រៃសេវាលើសច្បាប់កំណត់ផងដែរ៕