(ប៉ៃលិន)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ រៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែលម្អថែទាំ ព្រមទាំងដាំដើមផ្កាបន្ថែមនៅសួនកុមារ និងមុខសាលាខេត្ត ដើម្បីរក្សាអនាម័យ និងបង្កើនសោភ័ណភាពសាធារណៈក្នុងទីក្រុង។
លោក ផាន់ ចាន់ធុល បានលើកឡើងថា បច្ចុប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំដើមផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការ កែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតនៅមុខផ្ទះ និងម្ចាស់ទីតាំងអាជីវកម្មរបស់ខ្លួន ឲ្យបានជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាតអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព។
សូមបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាខេត្តប៉ៃលិន បានយកដើមផ្កា ដែលមានអាយុចាប់ពី ២-៣ឆ្នាំឡើងទៅមកដាំ មានដូចជា៖ ដើមផ្កាសាគូរ៉ា និងដើមផ្កាជើងគោជាដើម ដើម្បីឆាប់ទទួលបានលទ្ធផល និងឆាប់បានបង្ហាញពីសោភ័ណភាពសាធារណៈក្នុងខេត្ត៕