(កំពត)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ រួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ចើញចុះពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពអន្តរាគមន៍យ៉ាងសកម្មមមាញឹក ក្នុងការជួយភ្ជួររាស់ដីស្រែស្រូវរដូវវស្សាជូនប្រជាកសិករក្រីក្រនៅក្នុងភូមិព្រៃខ្ជាយ ឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត និងមួយកន្លែងទៀតនៅភូមិខ្ចក ឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រុមសម្តេចឪ បានចាប់ផ្តើមធ្វើការភ្ជួររាល់ដីស្រែជូនប្រជាកសិករនៅក្នុងមូលដ្ឋានទាំងពីរនេះដែលបានដំណើរការតាំងពីដើមខែមិថុនា រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្រេចទទួលបានលទ្ធផលចំនួន ៣៥៧ហិកតា។
ក្រុមសម្តេចឪនឹងបន្តការខិតខំធ្វើការភ្ជួររាល់លើដីស្រែជូនប្រជាកសិករនៅក្នុងមូលដ្ឋានទាំងពីរនេះ ឱ្យបានចប់រួចរាល់នៅក្នុងពេលខាងមុខ ដើម្បីឈានទៅបន្តជួយភ្ជួររាល់ដីស្រែជូនបងប្អូនកសិករនៅក្នុងមូលដ្ឋាន ឃុំ ស្រុក ខេត្តដទៃទៀត ដោយគោរពទៅតាមគោលការណ៏ណែនាំរបស់សម្តេចចៅហ្វាវាំង ប្រធានក្រុមសម្តេចឪ ដែលសម្តេចចៅហ្វាវាំង តែងតែខិតខំយកអស់ពីកម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ គោរពដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់ប្រជារាស្ត្រទីទ័លក្រ ជាពិសេសនៅក្នុងរដូវបង្កបង្កើនផលជារៀងរាល់ឆ្នាំ ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ប្រោសព្រះរាជទានដល់ក្រុមសម្តេចឪ ជួយភ្ជួររាល់ដីជូនបងប្អូនដែលគ្មានគោក្របី ឬឧបករណ៍សម្រាប់បម្រើឱ្យការអូសទាញ ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផលបានទាន់ពេលវេលា និងទទួលបានលទ្ធផលខ្ពស់។
គួរបញ្ជាក់ជូនផងដែរថា ក្នុងដំណើរអញ្ចើញចុះបំពេញការងាររបស់សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមស្តេចឪ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត និងនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ សម្តេចចៅហ្វាវាំងបានជួបសំណេះសំណាលជាមួយប្រជារាស្ត្រទាំង២មូលដ្ឋាន ដែលបានអញ្ជើញមកស្វាគមន៍អបអរសាទរ ចំពោះសកម្មភាពការងារដ៏ល្អប្រពៃរបស់មន្ត្រីបុគ្គលិក ក្រុមសម្តេចឪ ព្រមទាំងធ្វើការសាបព្រោះលើដីស្រែរបស់បងប្អូនផងដែរ។
សម្តេចចៅហ្វាវាំងបានជម្រាបជូនបងប្អូនអំពីព្រះរាជបណ្តាំសាកសួរសុខទុក និងព្រះរាជហឫទ័យនឹករលឹកស្រឡាញ់ដ៏ជ្រាលជ្រៅពីព្រះករុណាជាអម្ចាស់ជីវិតលើត្បួង និងសម្តេចព្រះមហាក្សត្រី ព្រះរវរាជមាតាជាតិខ្មែរ ជូនបងប្អូនប្រជារាស្ត្រជាកូនចៅ ចៅទួតជាទីស្នេហារបស់ព្រះអង្គគ្រប់រូប។
សម្តេចចៅហ្វាវាំងបានជម្រាបជូនបន្តថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ចចំពោះការងារបង្កបង្កើនផលរបស់កសិករជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេស។
ហេតុនេះហើយព្រះអង្គមានព្រះរាជតម្រិះដ៏ភ្លីស្វាង ត្រាស់បង្គាប់សម្តេចចៅហ្វាវាំងដឹកនាំក្រុមសម្តេចឪធ្វើការភ្ជួររាស់ និងបូមទឹកបញ្ចូលស្រែជូនប្រជាកសិករក្រីក្រនៅគ្រប់រដូវកាល ដើម្បីបងប្អូនមានលទ្ធភាពបង្កបង្កើនផល និងទទួលបានភោគផលច្រើន។
ក្នុងឱកាសចុះបំពេញការងារទាំង២កន្លែងនេះ សម្តេចចៅហ្វាវាំង បានចែកជូនបងប្អូនប្រជាកសិករនៅព្រះបរមឆាយាល័ក្ខ ព្រះករុណាព្រះមហាក្សត្រ ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបងប្អូនប្រជានុរាស្ត្របានតម្កល់គោរពបូជានៅតាមលំនៅដ្ឋានរៀងៗខ្លួន។
ប្រជារាស្ត្រជាម្ចាស់ស្រែជាកូនចៅ ចៅទួតរស់នៅឃុំស្នាយអញ្ចឹត ស្រុកជុំគីរី ខេត្តកំពត និងឃុំ ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជទានដ៏ឧត្តុងឧត្តមនេះ និងសូមថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រកបនូវព្រះពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាត ដើម្បីកូនចៅ ចៅទួតបានជ្រកកោននៅក្រោមម្លប់ព្រះតេជៈបារមីដ៏ត្រជាក់ត្រជុំ នៃព្រះអង្គជារៀងរហូតតទៅ។
ព្រមជាមួយនេះប្រជារាស្ត្រជាកូនចៅ ចៅទួត សូមឧទ្ទិសថ្វាយមហាព្រះរាជកុសលដ៏ថ្លៃថ្លាក្នុងពេលនេះថ្វាយចំពោះដួងព្រះវិញ្ញាណក័ន្ធ សម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានយាងគង់ប្រថាប់សោយសុខក្នុងព្រះបរមសុគតិភព ប្រកបដោយព្រះបរមសុខ ក្នុងសម្បត្តិសួគ៌ និងព្រះនិព្វាន្ត កុំបីឃ្លៀងឃ្លាតឡើយ៕