(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើការងារអប់រំផ្សព្វផ្សាយការយល់ដឹង អំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តឧត្តរមានជ័យ ដែលមានចូលរួមដោយ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានលើកឡើងអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងបញ្ហាមីន ព្រមទាំងបានណែនាំឲ្យគ្រប់មន្ទីរ អង្គភាព និងកងកម្លាំង ប្រដាប់អាវុធ បន្តយកចិត្តទុកដាក់ រៀបចំដាក់បញ្ចូលបញ្ហាមីន ជាការងារអាទិភាពមួយ ក្នុងរបៀបវារៈរាល់កិច្ចប្រជុំរបស់ខ្លូនជាប្រចាំ។
ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។
បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រតិបត្តិករជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធ ត្រូវបន្តសហការចូលរួមអប់រំប្រជាពលរដ្ឋឲ្យបានចំគោលដៅ និងប្រកបដោយប្រសិទ្ធិភាព អំពីការយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
លោកទេសរដ្ឋមន្រ្តី បាននាំនូវអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចខាងក្រោម៖
* ស្នើអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយធ្វើការអប់រំការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឲ្យបានទូលំទូលាយជាសាធារណៈ នៅក្នុង និងក្រៅសហគមន៍របស់ខ្លួន ដើម្បីចៀសវាងពីគ្រោះថ្នាក់ពីគ្រាប់ទាំងនោះជាយថាហេតុ
* ស្នើអាជ្ញាធរមានសមត្ថកិច្ចសហការគាំទ្រនូវសកម្មភាព អប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់មីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមរបស់ប្រតិបត្តិករជាតិ និងអន្តរជាតិនានា
* ស្នើមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតាមសាលារៀន
* ស្នើនគរបាលខេត្ត នគរបាលប៉ុស្ដិ៍ ជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅដល់ប្រជាពលរដ្ឋ សហគមន៍ ជាពិសេសការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងធ្វើការស្រាវជ្រាវ និងដកហូត ពីប្រជាពលរដ្ឋដែលយកគ្រាប់មករក្សាទុកក្នុងគ្រួសារសម្រាប់ទុកធ្វើការកែច្នៃជាឧបករណ៍ប្រើប្រាស់ផ្សេងៗ៕