(ភ្នំពេញ)៖ គម្រោងអាជីវកម្មរបស់កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោ ប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់ ក្នុងខេត្តតាកែវ ដែលបានឆ្លងកាត់ការអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានពន្លឿនសកម្មភាពផលិត ដើម្បីផ្គត់ផ្គង់ទឹកដោះគោសុទ្ធបំផុតពីធម្មជាតិ ដល់ពលរដ្ឋកម្ពុជានៅចុងឆ្នាំនេះ។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាននេះបានលើកឡើងថា «យើងពិតជាសប្បាយចិត្តណាស់ ដែលបាននាំចូលសត្វគោលំដាប់ពិភពលោក ប្រភេទ Holstein heifers ចំនួន៥៥០ក្បាល មកកម្ពុជាពីអូស្រ្តាលី។ បើគិតមកដល់ពេលនេះ គោដែលយើងបាននាំចូល បានបន្សុំាខ្លួនបានយ៉ាងល្អទៅ នឹងបរិយាកាសថ្មី ហើយមានសុខភាពល្អ នៅក្នុងកសិដ្ឋានរបស់យើងដែលបានសាងសង់តាមបច្ចេកវិទ្យាទំនើប» ។
លោក រិទ្ធី បានបន្ថែមទៀតថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់យើង ក្នុងការនាំចូលសត្វគោទាំងអស់ចូលមកកម្ពុជា។ ដោយសារបញ្ហាកូវីដ-១៩ យើងបានជួបប្រទះភាពស្មុគស្មាញមួយចំនួន នៅពេលដែលក្រុមអ្នកជំនាញផ្នែកដំាដុះ និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាអន្តរជាតិកំពូលៗចូលមកកម្ពុជា»។
លើសពីនោះ «យើងក៏សូមអរគុណដល់រាជរដ្ឋាភិបាល ដែលបានសម្រួលការផ្ដល់ទិដ្ឋាការដល់ក្រុមការងារអន្តរជាតិរបស់យើង។ យើងសប្បាយចិត្តណាស់ ដែលការងាររបស់យើង នៅតែសម្រេចបានតាមផែនការ ហើយពិតជាមានមោទនភាព ដែលយើងអាចសម្រេចការងារស្ទើរតែទាំងស្រុង ទៅតាមផែនការដែលយើងបានគ្រោងទុកមុនពេលមានកូវីដ-១៩»។
កសិដ្ឋាននេះទំហំ ៣០០ហិចតានេះ ស្ថិតនៅជ្រលងភ្នំតាម៉ៅ នៅខេត្តតាកែវ ទីនោះមានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ គោទាំងនេះ ស៊ីពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។ សម្រាប់ផលិតផល នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ។
ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមានសហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល។
ដៃគូផ្នែកបច្ចេកវិទ្យា គឺក្រុមហ៊ុន Afimilk របស់ប្រទេសអ៊ីស្រាអែល ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។
លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា «កសិដ្ឋានគិរីសួគ៌ មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោសុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារលំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិតអំពីផលចំណេញមួយភ្លែតៗនោះទេ។ យើងបាននាំយកបច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយអ្នកជំនាញកសិកម្មជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗនៅលើពិភពលោក ដើម្បីជួយពួកយើងលើការដាំដុះ របៀបមើលថែរក្សាសុខភាពគោ និងកែច្នៃទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ភាគរយ ពីកសិដ្ឋានគិរីសួគ៌ ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារអន្តរជាតិនេះ»។
បុគ្គលិកភាគច្រើនរបស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹងចែកចាយទឹកដោះគោសុទ្ធដោយឥតគិតថ្លៃពីកសិដ្ឋាននេះ ជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រដល់កសិដ្ឋាននេះ៕