(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។
ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុង ល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ - ២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
* សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។
នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើអាចមានភ្លៀងច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម។
២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅបង្គួរ។
៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕