(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា «ទុក្ខលំបាកពលរដ្ឋគឺជាទុក្ខដ៏ធ្ងន់ធ្ងររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី» ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា សម្រចដាក់ឲ្យអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ មានក្រីក្រប្រភេទ១ និងក្រីក្រប្រភេទ២ និងជនងាយរងគ្រោះក្នុងអំលុងកូវីដ-១៩ ពោលគឺក្នុងស្រុកអូររាំងឪ ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ «ហាមដាច់ខាតគ្រួសារមាន បន្លំធ្វើក្រ ឯគ្រួសារក្រីក្រពិតប្រាកដទាំងអស់ ត្រូវតែទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ»។
លោកបញ្ជាក់ថា ការធ្វើអត្តសញ្ញាណកម្មកំណត់គ្រួសារក្រីក្រដែលពិតប្រាកដ កំពុងត្រូវបានសម្តេចតេជោ យកចិត្តទុកដាក់បំផុត ហើយដើម្បីធានាការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្ត បានក្រើនរំលឹកមេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាកព័ន្ធចុះអនុវត្តន៍ផ្ទាល់ទាំងអស់ សូមអនុវត្តន៍កិច្ចការនេះទៅតាមនីតិវិធី ដែលបានកំណត់ប្រកបដោយសុក្រឹតភាព និងតម្លាភាព។
លោក ជាម ច័ន្ទសោភ័ណ លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យការអនុវត្តផ្ទាល់ការងារអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ នៅឃុំចំនួន០៤ រួមមាន៖ ឃុំដំរិល ឃុំចក ឃុំទួលសូភី និងឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
ថ្លែងសង្កត់ធ្ងន់ៗចំទៅកាន់មេភូមិ មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធលោក ជាម ច័ន្ទសោភ័ណ ហាមដាច់ខាតមិនឲ្យមានគ្រួសារមានក្រីក្របន្លំ ទទួលបានប័ណ្ណសមធម៌នេះឡើយ បើសិនមានករណីនេះ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវដោយខ្លួនឯង មិនមានការលើកឡើងនោះទេ។ ចំណែកគ្រួសារក្រីក្រពិតប្រាកដទាំងអស់ ត្រូវផ្តល់ប័ណ្ណជូនគាត់ ដែលសាច់ប្រាក់ឧបត្ថម្ភ ត្រូវឲ្យបានដល់ដៃពួគាត់យ៉ាងត្រឹមត្រូវ ដែលជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
លោក ជាម ច័ន្ទសោភ័ណ បន្ទាប់ពីសំណេះសំណាលណែនាំ ក៏ដូចជាក្រើនរំលឹកអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មន្ត្រីជំនាញពាក់ព័ន្ធរួចហើយនោះ បានបន្តចុះពិនិត្យដោយផ្ទាល់នៃដំណើរការ សម្ភាសន៍ដល់ទីតាំងផ្ទះប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំប័ណ្ណសមធម៌ក្រីក្រ ក៍ដូចជាទៅពិនិត្យដំណើរការពលរដ្ឋដែលទទួលបានប័ណ្ណក្រីក្ររួចហើយ ធ្វើការបើកសាច់ប្រាក់ ឧបត្ថម្ភគោលនយោបាយពីរាជរដ្ឋាភិបាលផងដែរ។
ចំពោះប្រជាពលរដ្ឋក្រីក្រប្រភេទ១ ក្រីក្រប្រភេទ២ និងធ្លាក់ខ្លួនក្រដោយសារជំងឺកូវីត១៩ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងថ្លែងអំណរគុណអស់ពីដួងចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ និងទទួលបានថវិកាគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា។
គួររំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺជាកម្មវិធីអន្តរាគមន៍មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលមានការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែល មានប័ណ្ណសមធម៌ប្រភេទទី១ និងប្រភេទ២។ ចំណោះការគ្រប់គ្រង ការដឹកនាំ និងការសម្របសម្រួលអនុវត្តន៍កម្មវិធី គឺប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័នដែលមានស្រាប់ របស់កម្មវិធីផ្តល់សាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីធានានិរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពការចំណាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕