(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងជំរុញឲ្យក្រុមហ៊ុន CRBC បន្ថែមនូវក្រុមម៉ៅការពន្លឿនការចាក់បេតុងថ្នល់ជាតិលេខ៣ ក្នុងក្រុងឲ្យបានឆាប់ រហ័សបំផុត គឺកំណត់ក្នុង១ថ្ងៃ ១០០ម៉ែត្រ ដោយមើលឃើញថាការសាងសង់ផ្លូវជាតិលេខ៣ ចាប់ចំណុចពីផ្លូវរថភ្លើងក្រុងកំពត មកដល់ភ្លើងស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវបង្កឲ្យមានការកកស្ទះ ពិបាកធ្វើដំណើរនិងប៉ះពាល់ដល់ការប្រកបមុខរបស់រកស៊ីទទួលទានរបស់ប្រជាពលរដ្ឋដែលរស់នៅជាប់ដងផ្លូវ។
លោក ជាវ តាយ បានថ្លែងជំរុញបែបនេះនៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំមន្ទីរ ស្ថាប័នជំនាញចុះជំរុញជាលើកទី២ លើការ សាងសង់ផ្លូវបេតុងប្រវែង ១,១០០ម៉ែត្រ ក្នុងក្រុងកំពត កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចំណុចផ្លូវរថភ្លើងក្នុងក្រុងកំពត មកដល់ចំណុចស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត។ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសផងដែរ។
លោក ជាវ តាយ បានលើកឡើងបន្តថា កំណើនយានយន្ត ភ្ញៀវទេសចរណ៍ បញ្ហារស់នៅរបស់ប្រជាពលរដ្ឋសងខាងផ្លូវ បញ្ហាកកស្ទះចរាចរណ៍នៅក្នុងក្រុងជាប្រចាំ ដោយសារការស្ថាបនាផ្លូវបេតុងនេះមានភាពយឺតយ៉ាវ គ្រឿងចក្របម្រើការងារចាក់បេតុងមិនគ្រប់គ្រាន់។ គោលបំណងរបស់ខេត្ត គឺជំរុញឲ្យក្រុមហ៊ុនសាងសង់បន្ថែមនូវ ក្រុមម៉ៅការពន្លឿនការចាក់បេតុងឲ្យបាន១ថ្ងៃ ១០០ម៉ែត្រ និងការដាក់លូបង្ហូរទឹក ការរៀបការ៉ូឡាសងខាងផ្លូវ ត្រូវធ្វើស្របនឹងការស្ថាបនាផ្លូវដើម្បីឲ្យការងាររួចរាល់ ព្រមគ្នា។ ម្យ៉ាងទៀតនៅពេលប្រតិបត្តិការចាក់បេតុង គឺក្រុមហ៊ុនត្រូវជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជួយសម្រួលចរាចរ។ កន្លងមកថ្នាក់ដឹកនាំ បានចុះជំរុញ ការងារម្តងរួចហើយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ការចុះជំរុញនេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមដានវឌ្ឍនភាពការងារសាងសង់ ដើម្បីធានាគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង។ ជាពិសេសជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវបេតុងនេះឲ្យលឿន ដោះស្រាយបញ្ហាការធ្វើដំណើរកកស្ទះ និងប៉ះពាល់ការរស់នៅរបស់ប្រជា ពលរដ្ឋនៅសងខាងផ្លូវប្រចាំថ្ងៃ។
ដោយឡែកចំពោះក្រុមហ៊ុនពាក់ព័ន្ធសាងសង់ខាងលើ នាពេលនេះក៏បានសន្យាថា នឹងបន្ថែមក្រុមម៉ៅការសាងសង់១ទៀត នាពេលឆាប់ៗនេះដើម្បីមកស្ថាបនាផ្លូវបេតុង ប្រវែង ១,១០០ម៉ែត្រឲ្យបានលឿន ដោយកែសម្រួលលក្ខណៈបច្ចេកទេស សម្ភារៈ និងគ្រឿងចក្របម្រើឲ្យការងារស្ថាបនាបេតុង កាន់តែងាយស្រួលថែមទៀត។
សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវបេតុងចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គី ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវស្ថាបនាបេតុងសរសៃដែក មានប្រវែង ១,១០០ម៉ែត្រ ទទឹង ១២.៨ម៉ែត្រ កម្រាស់ ២.៤តឹក ដាំដើមឈើសងខាងផ្លូវ រៀបចំខឿន ការ៉ូឡាអមសងខាងផ្លូវប្រវែង ២ម៉ែត្រ។ ក្រោយពីចាប់ផ្តើមសាងសង់អស់រយៈពេលប៉ុន្មានខែកន្លងមក នេះ ក្រុមហ៊ុនទទួលការសាងសង់ CRBC មានការយឺតយ៉ាវ។ ដូច្នេះកំណាត់ផ្លូដែលកំពុងសាងសង់ខាងលើ មានការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ហើយការប្រកបរ រកស៊ីទទួលទានរបស់ពលរដ្ឋរស់នៅជាប់ផ្លូវទៀតសោតក៏ពិបាកផងដែរ៕